ឯកឧត្តម ឈួរ សុបញ្ញា : ពួកយើងខ្ញុំពីសមរភូមិក្រោយសូមផ្តល់ការលើកទឹកចិត្តជំនឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹងដល់វីរកងទ័ពដ៏អង់អាចរបស់យើងគ្រប់ពេលវេលា

ខេត្តព្រះវិហារ៖ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានយុវជននិងរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានបន្តបេសកកម្មបួងសួងរូបសំណាកលោកតាឌីជិះលើសេះសូមតាមជួយបីបាច់ថែរក្សាការពារថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសវីរកងទ័ពជួរមុខដែលបាននិងកំពុងធ្វើសឹកសង្គ្រាមសូមឱ្យបានជ័យជំនះលើពួកសត្រូវសៀមឈ្លានពានគ្រប់វេលា។
ឯកឧត្តមបន្តថា ឋិតក្នុងកាល:ទេស:ដែលប្រទេសជាតិ ទទួលការរំលោភបំពានពីសត្រូវសៀមនាពេលនេះ ទើបថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋបានធ្វើពិធីបួងសួង សុំឱ្យបារមីលើដែនដីកម្ពុជរដ្ឋសីមាមហាសុវណ្ណភូមិតាមជួយថែរក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត ជាពិសេសគឺតាមជួយប្រោសព្រំឃុំគ្រងការពារវីរកងទ័ពនៅសមរភូមិមុខដែលកំពុងឈរជើងយ៉ាងស្វាហាប់ការពារបូរណភាពនិងអធិបតេយ្យភាពកម្ពុជាសូមបានសេចក្តីសុខមានជ័យជំនះនិងជួយរុញច្រានកម្ចាត់ចេញបណ្តេញពួកចោរសៀមឈ្លានពានឱ្យរលាយសាបសូន្យពីទឹកដីកម្ពុជា។
រូបសំណាកលោកតាឌីជិះលើសេះតំណាងឱ្យភាពក្លាហានហ៊ានពលីជីវិតដើម្បីប្រទេសជាតិមាតុភូមិជាទីស្រលាញ់ត្រូវលោកអ៊ុ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ និងភរិយា រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កសាងឡើង ដើម្បីរំឭកនឹកគុណ និងរំឭកគំរូវីរភាពរបស់គាត់ ។ រូបសំណាកលោកតាឌីជិះលើខ្នងសេះមានចងកន្សែងក្រហម នៅក្បាល ក្រវាត់កន្សែងពាក់ឆៀង ស្ពាយធ្នូនៅខាងឆ្វេង និងក្រវាត់ដាវ ចំណែកដៃស្តាំចង្អុលទៅមុខយ៉ាងអង់អាចក្នុងលក្ខណៈបញ្ជាពលទ័ពប្រយុទ្ធនឹងសត្រូវបរទេសឈ្លានពាន ។ រូបសំណាកលោកតាឌីកសាងឡើង ត្រង់ផ្លូវប្រសព្វបំបែកជាពីរ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ក្រោមការឧបត្ថម្ភលើការសាងសង់ពីលោក អ៊ុ ម៉ារ៉ា អភិបាល និងលោកស្រី ។ រូបសំណាកនេះកសាងឡើងនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ពុទ្ធស័ករាជ ២៥៥៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ ក្នុងបំណងឧទិ្ទសបុណ្យកុសលដល់កងកម្លាំងប្រដាប់អាវុធ វីរជន អ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានពលីជីវិតក្នុងអំឡុងសង្គ្រាមការពារទឹកដីខ្មែរយើងឱ្យរួចផុតពីការឈ្លានពានពីសត្រូវបរទេស ព្រមទាំងចំពោះពលិកម្មថ្មីនៅតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិភណ្ឌរបស់មនុស្សជាតិ ។ ជាពិសេសរូបសំណាកលោកតាឌីកសាងទុកសម្រាប់ឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សចងចាំពីគំរូវីរភាពដ៏អង់អាចរបស់លោកតាឌី ។ ម្យ៉ាងវិញទៀតរូបសំណាកនេះក៏ជាទីសក្ការៈដ៏ស័ក្តិសិទិ្ធដែលប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារទាំងមូល ទៅបន់ស្រន់សុំសេចក្តីសុខផងដែរ ។