ឯកឧត្តមឯកអគ្គរាជទូត បាននាំយកដោយផ្ទាល់នូវអំណោយដ៏ថ្ងៃថ្លាដែលបានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តរបស់សហគមន៍ខ្មែរនៅប្រទេសជប៉ុន សម្រាប់ឧបត្ថម្ភជូនដល់កងទ័ពជួរមុខ ដែលឈរជើងនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ព្រមទាំងគ្រួសារភៀសសឹក គ្រួសារយោធិនពលី និងរបួស នៅខេត្តព្រះវិហារ

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន មានកិត្តិយសសូមជម្រាបជូនបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុនជ្រាបថា ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទសជប៉ុន តំណាងឱ្យសប្បុរសជនខ្មែរពីប្រទេសជប៉ុនទាំងអស់ (សហគមន៍ខ្មែរ ពលករ សិក្ខាកាម និស្សិត ព្រមទាំងមន្ត្រី និងបុគ្គលិកស្ថានទូត) ដោយសហការជាមួយ ក្រុមការងារទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួម ពីបងប្អូនខ្មែរមួយចំនួនពីប្រទេសជប៉ុន បាននាំយកនូវអំណោយដ៏ថ្ងៃថ្លាដែលបានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តរបស់សហគមន៍ខ្មែរនៅប្រទេសជប៉ុន សម្រាប់ឧបត្ថម្ភជូនដល់កងទ័ពជួរមុខ ដែលឈរជើងនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ព្រមទាំងគ្រួសារភៀសសឹក គ្រួសារយោធិនពលី និងរបួស មានដូចខាងក្រោម៖
១. នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឯកអគ្គរាជទូតបានចូលរួមក្នុងកម្មវិធីរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ ដែលបានដឹកនាំតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេសប្រចាំកម្ពុជា(FNGOs)ចំនួន៤៣ អង្គការ រួមមានសមាជិកចូលរួមសរុបចំនួន៧៣នាក់ នាំយកអំណោយ និងចុះពិនិត្យជំរំជនភៀសសឹកនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងនៅស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានប្រគល់អំណោយនៅតាមជំរំទាំងពីរខាងលើសរុបរួមមាន អង្ករ១១តោន (៣តោន ឧបត្ថម្ភដោយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងការបរិចា្ចគវិភាគទានរបស់សហគមន៍ខ្មែរនៅជប៉ុន) គ្រឿងឧបភោគបរិភោគមានជាអាទិ៍ ត្រីខកំប៉ុង ត្រីងៀត សាច់ក្រក ទឹកសុទ្ធ មីខ្មែរកញ្ចប់ ទឹកត្រី ទឹកស៊ីអីវ មុង ភួយ ក្រម៉ា និង ថ្នាំពេទ្យជាច្រើនមុខ ដែលភាគច្រើនឧបត្ថម្ភដោយតំណាងនៃ FNGOs។
២. នៅថ្ងៃទី១៣ និង១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឯកអគ្គរាជទូត តំណាងឱ្យសប្បុរសជនខ្មែរ រួមមានសហគមន៍ខ្មែរ និស្សិត ពលករ និងសិក្ខាកាម ដែលរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន និងក្នុងការរួមសហការជាមួយឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកនូវអំណោយដែលមានទឺកប្រាក់សរុបចំនួន ១៣៦ ៧២០ ០០០ រៀល (ស្មើនឹង $ 34, 180 ដុល្លារអាម៉េរិក) ក្នុងនេះគឺមានមូលនិធិសហគមន៍ខ្មែរនៅប្រទេសជប៉ុនចំនួន $ 22 426 ដុល្លារអាម៉េរិក និងក្រុមការងារ ESEA មានចំនួន $11, 754 ដុល្លារអាម៉េរិក ដែលមានសកម្មភាពដូចខាងក្រោម៖
-ថ្ងៃទី១៣ សីហា នៅប្រតិបត្តិការសឹករងខេត្តព្រះវិហារ ថវិកាចំនួន ៣៤ ៧២០ ០០០ រៀល (ស្មើនឹង $8, 680 ដុល្លារអាម៉េរិក) រួមមាន ICOM ចំនួន ១០០ គ្រឿងកាម៉ែល ២០០ គ្រឿង Power Bank ២០ គ្រឿង ខ្ទឹមស ១០០ គីឡូក្រាម អង្ករ ១ តោន ទឹកសុទ្ធ ១០០ កេស និងកានដាក់ទឹក ១០០ កាន។
-នៅថ្ងៃដដែលខាងលើ បានចុះសួរសុខទុក្ខបងប្អូនភៀសសឹកសរុបចំនួន ៧០០ គ្រួសារ៖ ១) នៅវត្តឧត្តរគិរីទួលអណ្តែត ភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ ចំនួន ៤៥០ គ្រួសារ និង២) នៅវត្តត្រាវ ចំនួន ២៥០ គ្រួសារ ដែលក្នុងមួយគ្រួសារ ទទួលបានកញ្ចប់សម្ភារៈ១៥ មុខ (១០មឺនរៀល) = ៧០ ០០០ ០០០ រៀល (ស្មើនឹង $ 17 500 ដុល្លារអាម៉េរិក)។
-នៅថ្ងៃទី១៤ សីហា បានចុះសួរសុខទុក្ខយុទ្ធជនរងរបួស នៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ចំនួន ១០១ នាក់ ក្នុងនោះ មានអ្នករបួសធ្ងន់ ៦ នាក់ និងរបួសស្រាល ៩៥ នាក់ (ភាគច្រើនដោយសារផ្សែងពុល)=៣២ ០០០ ០០០ រៀល (ស្មើនឹង $8 000 ដុល្លារអាម៉េរិក)។
តាំងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ស្ថានឯកអគ្គរាជទូតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះកាយវិការ និងទឹកចិត្តដ៏សប្បុរសរបស់បងប្អូនខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុន ដែលបានឆ្លុះបញ្ចាំងនូវគុណធម៌ ស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាធ្លុងមួយ “ខ្មែរស្រឡាញ់ខ្មែរ” ក៏ដូចជាគាំទ្រនិងលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិជួរមុខកាន់តែមានទឹកចិត្តក្លាហានមោះមុត ខិតខំតស៊ូ ការពារបូរណភាពទឹកដី និងកម្ចាត់សត្រូវឈ្លានពានទឹកដី ជាទីស្រឡាញ់របស់យើង។ សូមគោរពជូនពរបងប្អូនខ្មែរនៅក្នុងប្រទេសជប៉ុន ជួបតែសេចក្តីសុខគ្រប់ប្រការ៕


















