រដ្ឋបាលរាជធានីភ្នំពេញ ចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីពង្រឹងចំណងមិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការជាមិត្តភាពឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមក

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម នួ ន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងចំណង មិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការជាមិត្តភាពឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមក។

   ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមាននិងជាសាក្សីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ នៅសាលារាជធានីភ្នំពេញ។

   ឯកឧត្ដម នួន  ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា៖ ឯកឧត្ដមបានបំពេញការងារជាអភិបាលរងរាជធានីភ្នំពេញចំនួន៧ឆ្នាំ ។ ឯកឧត្ដម ពិតជាអរគុណចំពោះការបណ្តុះបណ្តាសមត្ថភាពថ្នាក់ក្រោមជាតិពីឯកឧត្ដមឃួង ស្រេង រហូតឯកឧត្ដមទទួលបានការជឿទុកចិត្តពីរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តកំពង់ធំ ហើយនាពេលនេះត្រូវបានសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឱ្យចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះថែមទៀត។

   ឯកឧត្ដមនួន ផារ័ត្ន បានបញ្ជាក់ថា៖ ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជាងភ្នំពេញប្រមាណ២០ដង មានប្រជាជនប្រមាណ៩០ម៉ឺននាក់ ដែលមានផ្ទៃដីសំរាប់បង្កបង្កើនផលចំនួន៣០ម៉ឺនហិកតា ក្នុងនោះស្វាយចន្ទីមានផ្ទៃដី១៥ម៉ឺនហិកតា ដីធ្វើស្រូវ៥ម៉ឺនហិកតា និងកៅស៊ូចំនួន១៥ហិកតា។ ការចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ឱកាសឱ្យខេត្តកំពង់ធំរៀនសូត្របានកាន់តែច្រើន ក្នុងការអភិវឌ្ឍខេត្តកំពង់ធំឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

   ក្នុងឱកាសនោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានលើកឡើងថា៖ការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពុងធំនេះ វានឹងជួយកសាងបរិយាកាសអំណោយផល និងជំរុញដល់ការអភិវឌ្ឍ និងវិបុលភាព លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខភាព ដឹកជញ្ជូនសាធារណៈ ការពារបរិស្ថាន ផែនការ អភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

   ឯកឧត្ដមឃួង ស្រេង បានបន្តថា៖ ខេត្តកំពុងធំ ជាខេត្តទី២ ដែលបានចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួុយរាជធានីភ្នំពេញ បន្ទាប់ពីខេត្តព្រះវិហារ។ ដោយសារខេត្តកំពង់ធំនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយជាខេត្តដែលពឹងផ្អែកលើកសិកម្ម ជា«ខេត្តអធិរាជស្វោយចន្ទី »ឯកឧត្ដមឃួង ស្រេង បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិសេសទីចាត់ការវិនិយោគ ជួយកៀងគរអ្នកវិនិយោគឱ្យបានច្រើនទៅវិនិយោគនៅខេត្តមួយនេះ។ យើងត្រូវស្វាគមន៍អ្នកវិនិយោគព្រមៗគ្នា ដើម្បីឱ្យប្រទេសកម្ពុជាយើងមានចំណូលកាន់តែច្រើន៕