លោកឡុង ឌីម៉ង់ អញ្ជើញ ថ្លែងសុន្ទរកថា​ស្វាគមន៍ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្តីពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA)

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារណូវ៉ូតែលព្រះសីហនុ លោកឡុង ឌីម៉ង់ អញ្ជើញតំណាងឯកឧត្តមអភិបាល ថ្លែងសុន្ទរកថា​ស្វាគមន៍ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្តីពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CEPA) ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងពីតំបន់សេដ្ឋកិច្ចពិសេស សភាពាណិជ្ជកម្មកម្ពុជា សមាគម និងវិស័យឯកជន រួមមាន៖ ពាណិជ្ជករ ធុរជន និងអ្នកនាំចេញ ជាច្រើនរូប។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោកអភិបាលរង បានលើកឡើងដោយសង្ខេបអំពីស្ថានភាពទូទៅ និងសក្តានុពលរបស់ខេត្តព្រះសីហនុក្នុងការជំរុញកិច្ចការនាំចេញពីកម្ពុជាទៅកាន់ពិភពលោក បន្ថែមពីលើសារៈសំខាន់នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ចំពោះខេត្តព្រះសីហនុ ក្នុងការដើរតួនាទីជាច្រកទ្វារនាំទំនិញចេញចូលទី១ របស់កម្ពុជា។

សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយលើកទី២ នេះ មានការចូលរួមធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗ ជុំវិញកិច្ចព្រមព្រៀង Cambodia-UAE CEPA រួមមាន៖ វិនិយោគ ពាណិជ្ជកម្មទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មឌីជីថល វិធានដើមកំណើតទំនិញ របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម វិធានអនាម័យនិងភូតគាមអនាម័យ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស។ ចំពោះពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ មានសរុបប្រមាណ ៤៧ លានដុល្លាអាម៉េរិក ដោយការនាំចេញមាន ៣៦ លានដុល្លារអាម៉េរិក និងនាំចូលមាន ១១ លានដុល្លារអាម៉េរិក ដោយក្នុងនោះ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប កៅស៊ូធម្មជាតិ និងទំនិញផ្សេងៗទៀត និងនាំចូលមកវិញនូវរ៉ែប្រើជាគ្រឿងចំហេះ ផលិតផលប្លាស្ទិក ថ្នាំជក់ កៅស៊ូសំយោគ និងទំនិញផ្សេងទៀត៕