ឯកឧត្តម ឃឹម វុទ្ធី ទទួលជួបពិភាក្សាការងារជាមួយប្រតិភូវិទ្យុ និងទូរទស្សន៍ខេត្តយូណានប្រទេសចិន

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Zhang Jing ប្រធានវិទ្យុ និងទូរទស្សន៍ខេត្តយូណានប្រទេសចិន និងសហការី នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

លោកស្រី Zhang Jing ប្រធានវិទ្យុ និងទូរទស្សន៍ខេត្តយូណានប្រទេសចិន បានមានប្រសាសន៍អំពីគោលបំណងសំខាន់ៗក្នុងកិច្ចពិភាក្សានេះ គឺ
ទី១ នៅខែកញ្ញាខាងមុខនេះ វិទ្យុ និងទូរទស្សន៍ខេត្តយូណានប្រទេសចិន នឹងរៀបចំព្រឹត្តិការណ៍រវាងប្រទេសកម្ពុជា-ចិន គឺពិធីសែនលោកខែ ដែលមានឈ្មោះថា ព្រះចន្ទតំណាងបេះដូងខ្ញុំ ដែលព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីឲ្យមិត្តទាំងពីរកម្ពុជា-ចិន បានជួបជុំគ្នា ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពកម្ពុជាចិន។ កម្មវិធីនេះ វិទ្យុ និងទូរទស្សន៍ខេត្តយូណានប្រទេសចិន បានស្នើសុំឲ្យភាគីកម្ពុជា ធ្វើជាអ្នកសម្របសម្រួលព្រឹត្តិការណ៍នេះ ដោយព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍បែបប្រពៃណី និងកម្សាន្ត ដែលរួមបញ្ចូលសិល្បៈប្រពៃណីរបស់ប្រទេសចិន និងប្រទេសកម្ពុជា ដើម្បីឲ្យប្រជាជនកម្ពុជា-ចិន បានចូលរួមទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ទី២ វិទ្យុ និងទូរទស្សន៍ខេត្តយូណានប្រទេសចិន បានលើកឡើងនូវ App Mekong ក្នុងគោលបំណងស្នើសុំទូរទស្សន៍ជាតិកម្ពុជា ធ្វើជាដៃគូសហការ​ ដើម្បីអភិវឌ្ឍន៍ App ពង្រីកការផ្សព្វផ្សាយដោយដាក់បញ្ជូលនូវមាតិកាជាច្រើនដែលមានគុណភាពខ្ពស់ទាំងចិន និងកម្ពុជា។ គោលបំណងដែលចង់សហការជាមួយភាគីកម្ពុជានេះ គឺដើម្បីបង្កើតថ្នាលឌីជីថលមួយដែលបម្រើឲ្យការផ្សព្វផ្សាយដ៏មានសក្តានុពលមួយនៅកម្ពុជា។ ហើយលោកស្រី សង្ឃឹមថា ភាគីកម្ពុជានឹងជួយគាំទ្រ និងផ្សព្វផ្សាយApp មួយនេះឲ្យប្រជាពលរដ្ឋបានទទួលដឹងច្រើនផងដែរ។

លោកស្រី បានជម្រាបជូននូវកិច្ចការងារសំខាន់ៗមួយចំនួនទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុ និងទូរទស្សន៍ខេត្តយូណានប្រទេសចិន និងទូរទស្សន៍ជាតិកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍ថា វិទ្យុ និងទូរទស្សន៍ខេត្តយូណានប្រទេសចិន គឺជាដៃគូយ៉ាងជិតស្និត និងមានរយៈពេលជាយូរមកហើយជាមួយទូរទស្សន៍ជាតិកម្ពុជា ដោយកន្លងមក ភាគីទាំងពីរទទួលបានជោគជ័យលើកិច្ចការងារជាច្រើនរួមគ្នា។ ទាក់ទិនទៅនឹងកិច្ចការងារដែលលោកស្រី បានលើកឡើង ឯកឧត្តមអគ្គនាយកបានស្នើឲ្យ វិទ្យុ និងទូរទស្សន៍ខេត្តយូណានប្រទេសចិន សិក្សាទៅលើទំហំព្រឹត្តិការណ៍ដែលនឹងត្រូវរៀបចំ គណៈធិបតីដែលត្រូវអញ្ជើញចូលរួម និងគប្បីពិភាក្សាឲ្យបានស៊ីជម្រៅជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ជាមុនសិន។ ជាជំហានបន្ទាប់ ទូរទស្សន៍ជាតិកម្ពុជា នឹងរង់ចាំក្នុងការសហការ រៀបចំព្រឹត្តិការណ៍នានាជាមួយវិទ្យុ និងទូរទស្សន៍ខេត្តយូណានប្រទេសចិន។

ឯកឧត្តម ឃឹម វុទ្ធី បានសង្កត់ធ្ងន់ថា ក្នុងនាមទូរទស្សន៍ជាតិកម្ពុជា ជាអ្នកផលិត ជាអ្នកផ្សព្វផ្សាយព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា ពេញចិត្តក្នុងការចូលរួមសហការក្នុងការផ្សព្វផ្សាយ ដូចជាសិល្បៈ វប្បធម៌ ប្រពៃណី សមិទ្ធផលនៃការអភិវឌ្ឍន៍គ្រប់ផ្នែក ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នភាពរបស់កម្ពុជា ព្រមទាំងពេញចិត្តនូវកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពទាំងឡាយដែលនាំមកនូវផលប្រយោជន៍រួមរវាងប្រទេសយើងទាំងពីកម្ពុជា-ចិន៕