អាកាសយានដ្ឋានទីក្រុងម៉ិកស៊ិកផ្អាកប្រតិបត្តិការជាច្រើនម៉ោង! ដោយសារភ្លៀងធ្លាក់ខ្លាំងពន្លិចផ្លូវរត់យន្តហោះ! ផ្អាកជើងហោះហើរ១០៤ជើង និងបង្អាក់អ្នកដំណើរ១៤.៨៩២នាក់

អាកាសយានដ្ឋានសំខាន់របស់ទីក្រុងម៉ិកស៊ិកបានបន្តប្រតិបត្តិការពេញលេញឡើងវិញហើយកាលពីថ្ងៃចន្ទនេះ (ម៉ោងនៅម៉ិចស៊ិក)បន្ទាប់ពីការរំខានរយៈពេល៤ម៉ោងដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីប៉ុន្មានថ្ងៃមុន ដែលបណ្តាលធ្វើចរាចរណ៍ជួបបញ្ហាមិនល្អនៅលើផ្លូវរត់យន្តហោះ និងជន់លិចអគារចំណតអាកាសយានដ្ឋានមួយចំនួនដែរ។ ទឹកជំនន់នេះត្រូវបានគេមើលឃើញថាស្ថិតនៅខាងក្រៅអាកាសយានដ្ឋាននោះទេ ដែលមានអ្នកខ្លះត្រូវដើរ និងរថយន្តខ្លះពិបាកធ្វើដំណើរឆ្លងកាត់តំបន់នោះដែរ។ ព្រលានយន្តហោះទាំងមូលត្រូវបានផ្អាកប្រតិបត្តិការចាប់ពីម៉ោង៧និង៤៥នាទីយប់ ។ នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារអាកាសយានដ្ឋានអន្តរជាតិ Benito Juárez (AICM) របស់ទីក្រុងម៉ិកស៊ិកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលអូសបន្លាយអស់រយៈពេលជាច្រើនម៉ោងដែរ។ យោងតាមសេចក្តីថ្លែងការណ៍បានបន្ថែមថា ភ្លៀងធ្លាក់ខ្លាំង មានទាំងព្យុះបក់បោកមកជាមួយដែរ បានបណ្តាលឱ្យតំបន់ជាច្រើននៃអគារស្ថានីយអ្នកដំណើរត្រូវបានរងផលប៉ះពាល់ ដោយបានផ្តួលរំលំប្រព័ន្ធបង្ហូរទឹកខាងក្នុង។ ដើម្បីដោះស្រាយស្ថានការណ៍នេះភ្លាមៗ អាជ្ញាធរត្រូវដាក់ឧបករណ៍ និងម៉ាស៊ីនបូមទឹកឱ្យដំណើរការ ដើម្បីធានាបាននូវលក្ខខណ្ឌល្អប្រសើរបំផុតសម្រាប់ផ្លូវរត់យន្តហោះ ផ្លូវរថយន្តតាក់ស៊ី ។ AICM បាននិយាយថាការផ្អាកប្រតិបត្តិការមិនបានអូសបន្លាយរហូតដល់ពាក់កណ្តាលអធ្រាត្រនោះទេ ដែលផ្លូវរត់ក្នុងអាកាសយានដ្ឋានត្រូវបានបើកឡើងវិញមួយផ្នែក ហើយនៅវេលាម៉ោង៦ព្រឹក ប្រតិបត្តិការដែលនៅសេសសល់បានបន្តឡើងវិញទាំងអស់។ យោងតាមអាជ្ញាធរអាកាសចរណ៍បានឲ្យដឹងថាដំណើរការផ្អាកនេះបានប៉ះពាល់ដល់ជើងហោះហើរចំនួន ១០៤ជើង និងអ្នកដំណើរចំនួន ១៤.៨៩២នាក់ ជាមួយនឹងការបង្វែរទិសដៅចុះចតទៅកាន់អាកាសយានដ្ឋានផ្សេងជំនួសវិញ៕
សម្រួលអត្ថបទ៖ សុផារិន្ទ