ក្រសួងកសិកម្មនិង សហព័ន្ធស្រូវអង្ករកម្ពុជា ដោយជួយសម្រួលតម្លៃស្រូវជូនប្រជាកសិករ ដែលដាំស្រូវ ស្រង៉ែ

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីកំណត់មូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែ និងរៀបចំយុទ្ធសាស្ត្រដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយបានឯកភាពជួយសម្រួលការប្រមូលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យ ដែលប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវអាចទទួលយកបាន។
ឯកឧត្តម ឌិត ទីណា បានថ្លែងថា ជាវិធានការណ៍រយៈពេលមធ្យម និងរយៈពេលវែង យើងនឹងធ្វើពិពិធកម្មពង្រីកទីផ្សារនាំចេញឱ្យទូលំទូលាយជាងទីផ្សារសព្វថ្ងៃ ហើយពិនិត្យលទ្ធភាពផ្ដល់ប្រាក់កម្ចីជូនរោងម៉ាស៊ីនស្រូវ ដើម្បីជួយសម្រាលបន្ទុក និងបង្កើនសមត្ថភាពរបស់រោងម៉ាស៊ីនក្នុងការប្រមូលទិញស្រូវពីពុកម៉ែបងប្អូនប្រជាកសិករ។
ក្រសួងកសិកម្មនឹងបន្តពន្លឿនការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានាតម្លៃនិងទីផ្សារតាមការចុះកិច្ចសន្យាទិញលក់ទុកមុន ធានាគុណភាព ដែលជាកត្តាផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករ៕