ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចុះហត្ថលេខាលើលទ្ធផលនៃប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការនានា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើលទ្ធផល សម្រាប់ការបេក្ខជនប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀងការងារ)។ ក្រុមការងារបានធ្វើទៅតាម នីតិវិធីទៅតាម ក្រោមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ 

ជាលទ្ធផល សម្រាប់ការប្រឡងមន្ត្រីកសិកម្មឃុំ គឺមានបេក្ខជន ៣៥៧នាក់ បានប្រឡងជាប់ ខណៈគោលដៅជ្រើសរើសគឺចំនួន ៣៧២នាក់ សម្រាប់ការបំពេញការងារនៅតាមឃុំសង្កាត់នៅតាមខេត្តចំនួន ២៣។ ក្រោយប្រឡងជាប់ជាស្ថាពរ បេក្ខជនត្រូវទទួលការបណ្ដុះបណ្ដាលបន្ថែមមួយរយៈពេលជាមុនសិន ទើបចេញទៅបំពេញការងារជាក់ស្ដែងជាមួយកសិករ នៅតាមឃុំ-សង្កាត់។

ចំពោះការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ គឺមានបេក្ខជនប្រឡងជាប់ចំនួន ៣៤១នាក់ រីឯចំនួនជ្រើសរើសមានរហូតដល់ ៦៩៩កន្លែង។ បេក្ខជនទាំង ៣៤១នាក់ ត្រូវបំពេញការងារនៅតាមមណ្ឌលសុខភាព។ ការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការប្រឡងថ្មីដែលរាជរដ្ឋាភិបាលទើបចាប់ផ្ដើមរៀបចំឡើង។ ការប្រឡងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺតម្រូវឱ្យបេក្ខជនដែលប្រឡងជាប់ត្រូវបំពេញកិច្ចសន្យាជាមួយអង្គភាពបំពេញការងារ។ កិច្ចសន្យាការងារ មានរយ:ពេលមួយឆ្នាំ និងមានការវាយតម្លៃ លើប្រសិទ្ធភាពការងារ ដើម្បីសម្រេចថាត្រូវបន្តកិច្ចសន្យាការងារ ឬបញ្ចប់កិច្ចសន្យាការងារ។ ចំពោះប្រាក់បៀវត្ស និងអត្ថប្រយោជន៍នានា គឺទទួលបានដូចគ្នាទៅមន្ត្រីក្របខណ្ឌផងដែរ។ 

សូមរំលឹកដែរថា រាល់ដំណើរការប្រឡងប្រជែង ដំណើរការកែសន្លឹកកិច្ចការ និងដំណើរការប្រកាសលទ្ធផល គឺត្រូវបានស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត។