ឯកឧត្តម ជាប ដាវុធ ៖ សិស្សានុសិស្សត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រឱ្យក្លាយជាធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើន

បន្ទាប់ពីមានជម្លោះព្រំដែន កម្ពុជ ថៃ ដែលបង្កឡើងដោយភាគីថៃកន្លងមកនេះ បច្ចុប្បន្នបានធូស្រាលជាបណ្តើរហើយនោះ សូមសិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ សម្រាប់ស្នងឫស្សី ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍ នៃសកលភាវូបនីយកម្មរីកចម្រើន។

សិស្សានុសិស្សទាំងអស់ មិនត្រូវធ្វើឱ្យខ្លួនធ្លាក់ចុះក្នុងអបាយមុខ និងចៀសវាងពីគ្រឿងញៀន ដែលបង្ករអស្ថេរភាពក្នុងគ្រួសារនិងសង្គម ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម ពោលគឺត្រូវធ្វើជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិនវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់ទៅអនាគត។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ និងជាប្រធានចលនាយុវជនក្រុងអរិក្សត្រនិងស្រុកល្វាឯមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល  ក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ១១៦៤នាក់ ជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង លោគ្រូអ្នកគ្រូ ៧៧នាក់ ស្ថិតក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី ០៨ ខែសីហាឆ្នាំ២០២៥នេះ ។

ឯកឧត្តម ជាប ដាវុធ បន្តថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាល បានវិនិយោគ និងចំណាយថវិកាជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។

ឯកឧត្តមជាបដាវុធ ថ្លែងថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសដើម្បីជីវភាពនៃការរស់នៅរបស់ខ្លួន។

ខណៈនោះដែរ ឯកឧត្តម ជាប ដាវុធ បានគោរពជូនពរ វីរយុទ្ធជន កងទ័ពជួរមុខ សូមឱ្យមានសុខភាពល្អ សុខសុវត្ថិភាព និងទទួលបានជោគជ័យ ក្នុងការវាយបំបាក់សត្រូវឈ្លានពាននៅគ្រប់សមរភូមិ ។

ឯកឧត្តម ជាប ដាវុធ ក៏បាននាំយកថវិការបស់អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ចែកជូនដល់សិស្សចំនួន ១១៦៤នាក់ ដើម្បីសម្រួលក្នុងការប្រលង និង ឧបត្ថមថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូសម្រាប់ការបង្រៀនបំប៉នផងដែរ ៕