ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងថា កាកបាទក្រហមគឺជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយ សង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបទុក្ខភ័យដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ,

ក្រៅពីផ្តល់ជំនួយជាសម្ភារៈ កាកបាទក្រហមក៏មានតួនាទីជួយផ្សព្វផ្សាយពាក់ព័ន្ធលើបញ្ហាសុខភាពមនុស្សគ្រប់រូប ក្នុងការរស់រានមានជីវិតប្រចាំថ្ងៃ ហើយកាកបាទក្រហម និងអឌ្ឍចន្ទក្រហមកម្ពុជាមានតួនាទីជា ចម្បងក្នុងការផ្តល់ជំនួយមនុស្សធម៌ និងការពារសិទ្ធិជនរងគ្រោះក្នុងស្ថានភាពសង្គ្រាម គឺការពារជីវិត និងសិទ្ធិមនុស្សរបស់ជនរងគ្រោះ ក្នុងការធានាថាជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្សមិនត្រូវបានរើសអើង ឬបំពាន ទោះបីជាមានសង្គ្រាមកើតឡើងក៏ដោយ,

ការថ្លែងរបស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងក្នុងឱកាសបើកសិក្ខាសាលាស្តីពី “ ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងកាកបាទក្រហមកម្ពុជា” ដែលរៀបចំឡើងដោយ កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម ជុំ កុសល បានគូសបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយនិងបង្កើនការយល់ដឹងពីការប្រើប្រាស់ ការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដល់អ្នកសារព័ត៌មានមកពីស្ថាប័ន អង្គភាព ប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើនដើម្បីបានយល់ ច្បាស់ពីចំណុចនានាទាំងឡាយដែលក្រុមការងារកាកបាទក្រហមកម្ពុជា ធ្វើការពន្យល់បង្ហាញពីចំណុចសំខាន់នៃច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិបទសង្គ្រាម ជាពិសេសគោលការណ៍គ្រឹះទាំង៧ និងតួនាទីភារកិច្ចរបស់កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តមគណៈអធិបតី បានថ្លែងការកោតសរសើរដល់ចលនាដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែយកចិត្តទុកដាក់ ដល់ការលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពេលជួបការលំបាក ខ្វះខាតផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនា។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកបានស្នើដល់អ្នកសារព័ត៌មានទូទាំងប្រទេសជួយផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយស្ដីពីសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម នៃកាកបាទក្រហមកម្ពុជា និងរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក្នុងពេលប្រទេសជាតិ មានការឈ្លានពានពីប្រទេសជិតខាង។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជម្រាបជូនពីដំណើរប្រវត្តិនៃការបង្កើតឡើងរបស់កាកបាទក្រហមកម្ពុជា ដែលបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ស្ដីពីសកម្មភាពមនុស្សធម៌ ដោយក្នុងនោះ គោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា គឺ ភាពមនុស្សធម៌-ភាពមិនលំអៀង-អព្យាក្រឹតភាព
– ឯករាជ្យភាព-សេវាកម្មស្ម័គ្រចិត្ត-ឯកភាព
– សកលភាព, ។ គោលការណ៍ទាំង៧ ចំណុចនេះហើយដែលកាកបាទក្រហមកម្ពុជា បានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នាពេលកន្លងមក និងបន្តទៅអនាគត ដេីម្បីទទួលបាននូវការគាំទ្រនិងលើកទឹកចិត្តពីរាជរដ្ឋាភិបាល. អង្គការសង្គមស៊ីវិលផ្សេងៗ ពិសេសគឺសប្បុរសជននានា ដែលតែងតែឧបត្ថម្ភគាំទ្រ។
ក្នុងឱកាសនៃអង្គសិក្ខាសាលានេះដែរ លោកជំទាវ បានជម្រាបជូនពីកម្រងច្បាប់កាកបាទក្រហមកម្ពុជា លក្ខនិ្តកៈ វិធាននៃនីតិក្រម បទបញ្ញត្តិហិរញ្ញវត្ថុ ការប្រើប្រាស់បដិរូបកាកបាទក្រហម ឬ អឌ្ឍច័ន្ទក្រហម និងកម្រងព្រះរាជក្រឹត្យ ស្តីពីការទទួលស្គាល់ កាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះដែរ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិការ នាយកដ្ឋានទំនាក់ទំនង បានធ្វើបទបង្ហាញដល់អង្គសិក្ខាសាលា ពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ស្ដីពីសកម្មភាពមនុស្សធម៌ដ៏ច្រើនលេីសលប់ ដែលបានធ្វើកន្លងមក និងបន្តធ្វើយ៉ាងសកម្ម ក្នុងការជួយដល់ជនរងគ្រោះ ជនទីទាល់ក្រ ជនរងគ្រោះដោយធម្មជាតិ រឺហានិភ័យផ្សេងៗ ពិសេសក្នុងដំណាក់កាលប្រទេសជាតិ កំពុងមានការឈ្លានពានពីប្រទេសជិតខាងដូចបច្ចុប្បន្ននេះ ដែលបណ្ដាលឱ្យមានជនភៀសសឹកជាច្រើនគ្រួសារ កំពុងជួបការខ្វះខាត និងត្រូវការជំនួយជាបន្ទាន់។ ឆ្លើយតបនឹងការលំបាករបស់ប្រជាពលរដ្ឋនាពេលនេះ ក៏ដូចជាការដាក់ចេញរបស់ប្រមុខរាជរដ្ឋាភិបាល គឺមិនបណ្ដោយអោយពលរដ្ឋណាម្នាក់ ស្លាប់ដោយសារដាច់បាយនោះទេ ហើយជាអទិភាពចំបងដែលកាកបាទក្រហមកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ក្នុងកំរឹតខ្ពស់បំផុត៕