ភ្លៀងធ្លាក់ម៉ូសុងតែងតែបណ្តាលឲ្យមានទឹកជំនន់នៅតាមបណ្តាខេត្តភាគខាងជើងនិងខាងត្បូងប្រទេសចិន! ដោយមកដល់ពេលនេះមានមនុស្សស្លាប់លើសពី៧០នាក់និងរាប់សែននាក់ជម្លៀសខ្លួន

ស្ថានភាពភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់នៅក្នុងតំបន់ខ្លះៗនៃខេត្តក្វាងទុងដែលជាខេត្តមួយស្ថិតនៅភាគខាងត្បូងប្រទេសចិនជាប់ទៅនឹងព្រំប្រទល់ទីក្រុងហុងកុង។ ភ្លៀងធ្លាក់យ៉ាងខ្លាំងនេះបានចាប់ផ្ដើមកាលពីព្រឹកថ្ងៃចន្ទមករហូតមកដល់ថ្ងៃអង្គារម្សិលមិញដែលបង្កឲ្យកម្រិតទឹកនៅតាមទន្លេចំនួន១៦ ស្ថិតក្នុងខេត្តរងគ្រោះនេះហក់ឡើងខ្ពស់! នេះបើយោងងតាមសារព័ត៌មានផ្លូវការរបស់ចិនដែលបានរាយការណ៍ជាបន្តបន្ទាប់។ គួរបញ្ជាក់ផងដែរថានៅក្នុងទីក្រុង Huizhou វិញ ដែលជាខេត្តមួយស្ថិតនៅភាគអាគ្នេយ៍វិញក៏មានមានភ្លៀងធ្លាក់ខ្លាំងដែរក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលបានបង្កឲ្យមានទឹកជំនន់ពន្លិចដងផ្លូវ ទីតាំងស្នាក់នៅ និងភូមិឋានជាច្រើនទៀតដែរ។ យោងតាមរបាយការណ៍របស់សារព័ត៌មានក្នុងតំបន់បានឲ្យដឹងថាសហគ្រាស ពាណិជ្ជកម្ម និងសាលារៀននានាត្រូវបានបិទទ្វា ខណៈដែលមនុស្សជាង ១,០០០ នាក់ត្រូវបានគេជម្លៀសចេញពីតំបន់គ្រោះថ្នាក់។ លើសពីនេះដែរយោងតាមអាជ្ញាធរក្នុងតំបន់ជាច្រើនក្នុងប្រទេសចិនបានបូកសរុបញ្ជូលគ្នាតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ស្ថានភាពភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានវាយប្រហារភាគខាងជើងនិង ភាគខាងត្បូងប្រទេសចិនច្រើនជាងគេ ដោយសម្លាប់មនុស្សសរុប៧០នាក់ហើយ និងបង្ខំឲ្យមនុស្សរាប់សែននាក់ឱ្យជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាពតាមរយៈក្រុមជួយសង្រ្គោះចិន៕ 

សម្រួលអត្ថបទ៖ ឡុង បញ្ញា