អភិបាលខេត្តកំពត៖ ថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋកម្ពុជានៅគាំទ្រផ្តល់កម្លាំងចិត្តជានិច្ចចំពោះវីរៈកងទ័ពនៅសមរភូមិមុខ

អភិបាលខេត្តកំពត៖ ថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋកម្ពុជានៅគាំទ្រផ្តល់កម្លាំងចិត្តជានិច្ចចំពោះវីរៈកងទ័ពនៅសមរភូមិមុខ
——————————————————-
ក្នុងអន្តរកាលនៃការឈ្លានពានពីសំណាក់ប្រទេសថៃដែលមានចិត្តចង់បានទឹកដីកម្ពុជា វីរៈកងទ័ពយើងបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ប្រទេសជាតិ និងប្រជាជន។ វីរភាពដ៏អង់អាចនេះ បានដាស់ឱ្យប្រជាជនកម្ពុជាទាំងមូលក្រោកឈរឡើងសាមគ្គីប្រកបដោយជាតិនិយម ទន្ទឹមនិងនោះ ថ្នាក់ដឹកនាំប្រទេសក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវីរៈកងទ័ពនៅសមរភូមិមុខ រួមនឹងគ្រួសារនៅសមរភូមិក្រោយ ដោយមិនទុកចោលនោះទេ។
——————————————————-
ថ្លែងទៅកាន់គ្រួសារវីរៈកងទ័ពដែលឈរជើងនៅសមរភូមិមុខ ដែលមានទីលំនៅក្នុងស្រុកបន្ទាយមាស ស្រុកអង្គរជ័យ និងស្រុកទឹកឈូ ចំនួន ៣០៣គ្រួសារ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ចាប់តាំងពីមានការឈ្លានពានពីសំណាក់ប្រទេសថៃមកលើទឹកដីកម្ពុជា ថ្នាក់ដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា សម្តេចកិត្តព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី (ដឹកនាំកងទ័ពអាវ.ស) រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត បានលះបង់ និងចំណាយពេលវេលាដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងស្ទើតែរកពេលសម្រាកពុំបាន។ ដែលទាំងនេះបានបង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំក្នុងសម័យ តេជោ-ធិបតី មិនដែលមានចិត្ត ឬបំណងបោះបង់ រត់ចោលប្រជាជនខ្លួននោះឡើយ ទោះបីស្ថិតក្នុងសភាពការណ៍បែបណាក៏ដោយ។
ជាក់ស្តែងស្ថិតក្នុងអន្តរកាលនៃសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ថ្នាក់ដឹកនាំបានគិតគូ រិះរកគ្រប់មធ្យោបាយទាំងអស់ ទាំងកិច្ចការងារកាទូត ការវាយបកទប់ស្កាត់ការឈ្លានពាននៅសមរភូមិមុខ ដោយធ្វើយ៉ាងណាបញ្ចប់សង្គ្រាមឈ្លានពានមួយនេះដោយសន្តិវិធី ព្រោះប្រទេសកម្ពុជាមិនត្រូវការសង្គ្រាម ការបង្ហូរឈាមណោះឡើយ ហើយកម្ពុជានិងប្រជាពលរដ្ឋទូទាំងប្រទេសគឺស្រឡាញ់តែសន្តិភាព។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវីរៈកងទ័ពនៅសមរភូមិមុខរួមទាំងក្រុមគ្រួសារនៅសមរភូមិក្រោយ ដោយបានចុះនូវយន្តការមករដ្ឋបាលរាជធានី-ខេត្ត ឱ្យចុះជួបផ្ទាល់ជាមួយក្រុមគ្រូសារកងទ័ពនៅក្នុងមូលដ្ឋានខ្លួន និងទំនុបបំរុងចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឱ្យបានល្អប្រសើរ ដោយមិនត្រូវទុកពួកគាត់ចោលនោះឡើយ ដើម្បីជាការតបស្នងនូវការលះបង់ និងគំរូវីរៈភាពដ៏អង់អាចក្នុងការការពារទឹកដី និងប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត ក៏សំដែងនូវការដឹងគុណចំពោះគំរូវីរៈភាពរបស់វីរៈកងទ័ពដែលបានមានចិត្តមុះមុតចាកចេញពីក្រុមគ្រួសារ សាច់ញាតិ ចេញទៅប្រយុទ្ធតទល់និងខ្មាំងសត្រូវឈ្លានពាននៅសមរភូមិមុខ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើទៅកាន់វីរៈកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខតាមរយៈក្រុមគ្រួសារថា សូមកុំមានការព្រួយបារម្ភចំពោះក្រុមគ្រួសារដែលនៅសមរភូមិក្រោយ ព្រោះនៅទីនេះមានរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅចាំជួយជានិច្ច ដោយមិនឱ្យបងប្អូនវីរៈកងទ័ពយើងខកចិត្តនោះឡើយ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត