ឯកឧត្តម វង សូត អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ជួបសម្តែងគារវកិច្ច និងទទួលអនុសាសន៍ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលប្រទេសជប៉ុន(JDS-2024) ដែលមានសមាសភាពមកពីបណ្តាក្រសួង ស្ថាប័នសាធារណៈ និងចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានា នៃប្រទេសជប៉ុន នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ សរុបចំនួន២៣រូប នៅវិមានរដ្ឋសភា។ 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម វង សូត ព្រមទាំងនិស្សិតទាំងអស់បានធ្វើការស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានថៃ ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ 

លោក រស់ ស៊ីថាត តំណាងក្រុមនិស្សិតជ័យលាភីអាហារូប ករណ៍ជប៉ុន បានជម្រាបជូនឯកឧត្តម វង សូត ថា កម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (ជាភាសាអង់គ្លេស Japanese Grant Aid for Human Resource Development Scholarship) ហៅកាត់ថា JIDS គឺជាគម្រោងមួយដែលទទួលបានថវិកាគាំទ្រ ពីរដ្ឋាភិបាលជប៉ុន ក្នុងការជួយលើកស្ទួយ និងអភិវឌ្ឍធនធានមនុស្សនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍  ក្នុងទិសដៅពង្រឹងចំណងមិត្តភាពទ្វេភាគីរវាងប្រទេសកំពុងអភិវឌ្ឍន៍នានាជាមួយប្រទេសជប៉ុន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ គម្រោងអាហារូបករណ៍ JIDS នៅកម្ពុជា ត្រូវបានបង្កើត និងចាប់អនុវត្តន៍ចាប់ពី ឆ្នាំ២០០១ មក រហូតដល់ពេលបច្ចុប្បន្ន មាននិស្សិតប្រមាណ ៥៩៦នាក់ ដែលបានទទួលអាហារូបករណ៍នេះ ត្រឹមឆ្នាំ២០២៥ សម្រាប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (រយៈពេល ២ឆ្នាំ) និងថ្នាក់បណ្ឌិត (រយៈពេល ៣-៥ ឆ្នាំ) ផងដែរ។ 

ចំពោះកម្មវិធីសិក្សាតាមវិស័យ ដើម្បីឆ្លើយតបនូវតម្រូវការក្នុងកិច្ចអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា គម្រោងអាហារូបករណ៍ជប៉ុន JDS បានផ្តល់ជូនសម្រាប់មន្ត្រីរាជការវ័យក្មេងដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ លើវិស័យចំនួន ០៨ រួមមាន៖ ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ២- ការអភិវឌ្ឍវិស័យឯកជន ៣-ការលើកកម្ពស់គុណភាពអប់រំ ៤-កសិកម្ម និងការអភិវឌ្ឍជនបទ ៥-ការលើកកម្ពស់បរិស្ថានរស់នៅទីក្រុង ៦-ការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម ៧-ការលើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និង៨-ការកសាងទំនាក់ទំនងអន្តរជាតិ។ រាល់បេក្ខជនបេក្ខនារីទាំងអស់សុទ្ធតែឆ្លងកាត់ដំណាក់កាលប្រឡងជ្រើសរើសយ៉ាងម្មត់ចត់ដោយគណៈកម្មការ (Operating committee) ដែលមានសមាសភាពមកពី JICA-កម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមានការសម្របសម្រួលរដ្ឋបាលទូទៅពី Japanese International Cooperation Center (JICE)។

ឯកឧត្តម វង សូត បានសម្តែងនូវការអបអរសាទរ និងកោតសរសើរដល់ក្មួយនិស្សិតៗ ទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសជប៉ុន ព្រមទាំងបានណែនាំឱ្យនិស្សិតទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសជប៉ុន ដើម្បីកសាងសមត្ថភាពរបស់ខ្លួន និងបម្រើដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចំណេះ ជំនាញ និងបទពិសោធពិតប្រាកដទៅតាមជំនាញរៀងៗខ្លួន។ ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានបន្តថា និស្សិតជ័យលាភីអាហារូបករណ៍នាពេលនេះ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គមជាតិយើងនាពេលអនាគត។ ឯកឧត្តម វង សូត បានរំលឹកជូនក្រុមនិស្សិតថា ជប៉ុនគឺជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា ហើយជប៉ុនបានចូលរួមចំណែកកសាងសេដ្ឋកិច្ច សង្គមកម្ពុជា ក្រោយកម្ពុជាទទួលបានសន្តិភាព តាមរយៈការជួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ជំនួយជាច្រើនទៀត។ ទន្ទឹមនោះ ជប៉ុនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន តាំងពីឆ្នាំ២០២៣ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី។ កិច្ចសហប្រតិបត្តិការមេគ្គង ជប៉ុន ក៏បានរួមចំណែកជាច្រើនក្នុងការជួយដល់កម្ពុជា និងប្រទេសតាមបណ្តោយទន្លេមេគង្គផ្សេងទៀត។ ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ សភាជប៉ុនគឺជាសភាសង្កេតការណ៍របស់អាយប៉ា និងបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពរបស់អាយប៉ា។  ឯកឧត្តម បានបន្តថា តាំងពីនីតិកាលទី៦ មកដល់នីតិកាលទី៧នេះ រដ្ឋសភាបានរៀបចំឱ្យមានក្រុមសមាជិកសភាវ័យក្មេងផងដែរ ដើម្បីធ្វើជាតំណាងរបស់យុវជនចូលរួមកិច្ចប្រជុំវេទិការជាតិ ឬវេទិការអន្តរសភាផ្សេងៗ ក្នុងតំបន់ និងសកលលោក។ ជាពិសេស រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយយុវជនបន្តវេន ត្រូវបានប្រជាពលរដ្ឋជឿទុកចិត្តចំពោះសមត្ថភាព ក្នុងការដឹកនាំនាវាកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍកាន់តែជឿនលឿនបន្ថែមទៀត។ ក្នុងនាមរដ្ឋសភា ឯកឧត្តម វង សូត បានថ្លែងអំណរគុណជាខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសបានបង្កើតឲ្យមានកម្មវិធីអាហារូបករណ៍រយៈពេលវែង (តាមរយៈកម្មវិធី JDS និងកម្មវីធីផ្សេងទៀត) និងដោយផ្តល់អាហារូបករណ៍រយៈពេលខ្លី (តាមរយៈកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ SSEAYP ជាដើម)។ 

ក្នុងឱកាសនោះ ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានលើកថា ថ្មីៗនេះកម្ពុជាអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឯកឧត្តម វង សូត បានលើកឡើងទៀតថា យុវជនត្រូវជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងកាដោះស្រាយជម្លោះព្រំដែនជាមួយថៃ ហើយយុវជនខ្លួនឯងត្រូវសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងតបត ចំពោះពួកសៀម ដែលបង្កើតព័ត៌មានក្លែងក្លាយ មូលបង្កាច់កម្ពុជា ក្នុងគោលបំណង បំភាន់ភ្នែកអន្តរជាតិ។ ក្នុងន័យនេះ យុវជនយើង គឺជាកម្លាំងដ៏សំខាន់របស់ជាតិ ក្នុងការផ្សព្វផ្សាយពីការពិតដែលកំពុងកើតឡើងនៅកម្ពុជា ឱ្យអន្តរជាតិបានដឹង ដោយប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានា។ បន្ថែមពីនេះ ឯកឧត្តម វង សូត បានលើកឡើងថា និស្សិតទាំងអស់ជាទូតសុឆន្ទៈរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ ជាពិសេសត្រូវចូលរួមលើកកម្ពស់កិត្យានុ ភាពជាតិនៅលើឆាកអន្តរជាតិ៕