សិក្ខាសាលាស្តីពី៖ «ការធ្វើពាណិជ្ជកម្មទ្រព្យកម្មសិទ្ធិបញ្ញា នៅប្រទេសកម្ពុជា និងប្រទេសចិន»

នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម រួមសហការដោយ សមាគមកមសិទ្ធបញ្ញាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី៖ «ការធ្វើពាណិជ្ជកម្មទ្រព្យកម្មសិទ្ធិបញ្ញា នៅប្រទេសកម្ពុជា និងប្រទេសចិន» ក្រោមវត្តមាន លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកសាស្ត្រាចារ្យ ZHANG XIAO JUN សកលវិទ្យាធិការរងនៃសកលវិទ្យាល័យ SWUPL និងជាអគ្គលេខាធិការនៃមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន។
សិក្ខានេះធ្វើទ្បើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ក្នុងការអនុវត្តជាក់ស្តែងផង និងជាការបណ្តុះបណ្តាលចំណេះ ជំនាញដល់អ្នកពាក់ព័ន្ធក្នុងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាផង។ លើសពីនេះ ការចូលរួមនិងចែករំលែកពីវាគ្មិន ក៏ដូចជាអ្នកចូលរួម ក៏អាចក្លាយជាធាតុចូលដ៏សំខាន់សម្រាប់កម្ពុជា ដើម្បីជម្រុញប្រព័ន្ធកម្មសិទ្ធិបញ្ញា ជាពិសេសការធ្វើពាណិជ្ជបនីយកម្មទ្រព្យកម្មសិទ្ធិបញ្ញានេះ ឲ្យកាន់តែសកម្ម មានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ដែលអាចផ្តល់អោយ ម្ចាស់កម្មសិទ្ធិបញ្ញា ដែលជាអាជីវករ ពាណិជ្ជករ ក្រុមហ៊ុនជាតិ និងអន្តរជាតិ ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត មានទំនុកចិត្តខ្ពស់ក្នុងការអភិវឌ្ឍទ្រព្យកម្មសិទ្ធិបញ្ញា។
លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជាចូលជាសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកនៅឆ្នាំ ១៩៩៥ និងចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០០៤ មក ប្រទេសកម្ពុជាបាន ផ្សារភ្ជាប់ខ្លួនជាមួយប្រព័ន្ធពហុភាគីនិយមសម្រាប់ការធ្វើពាណិជ្ជកម្ម (Multilateral Trading System) និងបានខិតខំកសាងនូវលិខិតបទដ្ឋានគតិយុត្តនានា ឱ្យស្របតាមបទដ្ឋាននិងស្តង់ដាររបស់អង្គការ WIPO និង WTO ដើម្បីគាំពារនិងអភិវឌ្ឍន៍នូវប្រព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ កម្ពុជាមានលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញាមួយចំនួនរួមមាន៖
១/ ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ឆ្នាំ២០០២
២/ ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរ ឧស្សាហកម្ម ឆ្នាំ២០០៣
៣/ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣
៤/ ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ឆ្នាំ២០០៨
៥/ ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឆ្នាំ២០១៤
៦/ ច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ឆ្នាំ២០១៨
៧/ អនុក្រឹត្យ-ប្រកាសពាក់ព័ន្ធវិស័យកម្មសិទ្ធិបញ្ញាផ្សេងៗទៀតផងដែរ។
បន្ថែមពីនេះ លោកជំទាវបានឲដឹងថា រាជរដ្ឋាភិបាល នៃនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដែលនឹងធ្វើការជំរុញកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋាន គ្រឹះសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយទៅជាប្រទេស មានចំណូលខ្ពស់ គឺទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៅវិស័យជាអាទិភាពនានា ដែលក្នុងនោះក៏ មានវិស័យកម្មសិទ្ធិបញ្ញាផងដែរ៕