ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បើកកិច្ចប្រជុំ ពិនិត្យលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស លើកទី ១ ជូនគម្រោងវិនិយោគ ចំនួន ៥ ក្នុងភូមិភាគឦសាន ដែលមានទុនវិនិយោគសរុប ២ ៨៥០ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ៣៨ ៤០០ កន្លែង ជូនប្រជាពលរដ្ឋ

នាព្រឹកថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ១ ជូនគម្រោងវិនិយោគ ចំនួន ៥ ក្នុងភូមិភាគឦសាន ដែលបានស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងស្ថាប័ន, តំណាងរដ្ឋបាលខេត្តទាំង ៤ នៅភូមិភាគឦសាន និង មន្រ្តីជំនាញពាក់ព័ន្ធ ។ គម្រោងវិនិយោគទាំង ៥ មានទុនវិនិយោគសរុប ២ ៨៥០ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ៣៨ ៤០០ កន្លែង ជូនប្រជាពលរដ្ឋកម្ពុជា នៅពេលដំណើរការពេញលេញ ។
គម្រោងទាំង ៥ ខាងលើនេះរួមមាន ការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ដែលជាវិស័យអាទិភាពរបស់កម្មវិធីពិសេស ហើយក៏មានគម្រោងក្នុងវិស័យទូទៅផ្សេងទៀត ដូចជា អប់រំ និង សុខាភិបាល ផងដែរ ។ ក្នុងចំណោមនោះ, ក្រុមហ៊ុនមួយចំនួន ជាក្រុមហ៊ុនដែលធ្លាប់បានវិនិយោគជាក់ស្តែង នៅតាមបណ្តាខេត្តនៅភូមិភាគឦសាន ហើយមានបំណងពង្រីកសកម្មភាពរបស់ខ្លួន ក្នុងរូបភាពជាគម្រោងវិនិយោគកសិកម្មពហុបំណងខ្នាតធំ តាមរយៈការពង្រីកសមត្ថភាពផលិតកម្ម ការជំរុញសហថាមភាពពីកិច្ចសហការវិនិយោគ ការបង្កើនការកែច្នៃផលិតផលកសិកម្ម ការចិញ្ចឹមសត្វ ការបង្កើតរោងចក្រផលិតជី ចំណីសត្វ និងគ្រឿងយន្តកសិកម្ម ដែលសុទ្ធតែជាធាតុចូលបន្ថែមចាំបាច់ និង មានតម្រូវការខ្ពស់ ក្នុងការបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច និង ការធ្វើពិពិធកម្មវិនិយោគ សមស្របតាមលក្ខខណ្ឌអំណោយផល របស់ភូមិភាគឦសាន ។
ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងអំពីសារៈសំខាន់កាន់ខ្លាំង នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ដើម្បីអភិវឌ្ឍភូមិភាគឦសាន ជាប្រភពកំណើនសេដ្ឋកិច្ចថ្មី ។ ក្នុងន័យនេះ, ក្រុមការងារបានពិនិត្យពិភាក្សាយ៉ាងផុសផុល ដោយផ្អែកលើលទ្ធផលនៃការចុះពិនិត្យទីតាំងគម្រោងជាក់ស្តែង និង ពិនិត្យលើគ្រប់ទិដ្ឋភាព, ជាពិសេស អនុលោមភាពជាមួយនឹងបទដ្ឋានគតិយុត្តរបស់កម្ពុជា ក្នុងគោលដៅជួយសម្រួល ជំរុញ និង ថែទាំវិនិយោគផង, ទន្ទឹមនឹងការការពារ និង បង្កើនផលប្រយោជន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការត្រេកអរក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានអត្រាពន្ធបដិការ ១៩% តាមរយៈការចរចាជាមួយសហរដ្ឋអាមេរិក ដែលលទ្ធផលល្អប្រសើរនេះ បានផ្តល់ជាក្តីសង្ឃឹម សម្រាប់ការធានាបាននូវទំនុកចិត្ត និង បរិយាកាសវិនិយោគជាទូទៅរបស់កម្ពុជា ក៏ដូចជាការរក្សាភាពប្រកួតប្រជែង នៃឧស្សាហកម្មរបស់កម្ពុជា សម្រាប់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និង មានបរិយាប័ន្ន ។
គួរបញ្ជាក់ជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។ តាមរយៈនេះ, រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ជាយន្តការ “ច្រកចេញចូលតែមួយ” ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ។
ជាមួយនេះ, វិនិយោគិន ដែលមានបំណងវិនិយោគក្នុងភូមិភាគឦសាន អាចឆ្លៀតឱកាស ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ដោយដាក់ពាក្យស្នើសុំ ឬ ស្វែងរកព័ត៌មានលម្អិត តាមរយៈការិយាល័យ របស់ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលមាន ៥ ទីតាំង៖ ទីតាំងទី១. ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង (+855) 76 365 2775/ 97 256 7174, ទីតាំងទី២. ការិយាល័យស្ថិតនៅខេត្តក្រចេះ មានអាសយដ្ឋាននៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានលេខទំនាក់ទំនង (+855) 97 22 00 664, ទីតាំងទី៣. ការិយាល័យស្ថិតនៅខេត្តស្ទឹងត្រែង មានអាសយដ្ឋាននៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានលេខទំនាក់ទំនង (+855) 97 22 00 663, ទីតាំងទី៤.ការិយាល័យស្ថិតនៅខេត្តមណ្ឌលគិរី មានអាសយដ្ឋាននៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។