សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្រក់ទឹកភ្នែកអាណិតពលរដ្ឋខ្លួន នៅពេលលើកឡើងពីការឈ្លានពានដ៏ឃោរឃៅរបស់យោធាថៃលើបូរណភាពទឹកដីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីលើកទី១៥ ដែលមានប្រធានសភាជាស្រ្តីមកពី ៣០ប្រទេស ចូលរួម នៅទីក្រុងហ្សឺណែវ

សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្រក់ទឹកភ្នែកអាណិតពលរដ្ឋខ្លួន នៅពេលលើកឡើងពីការឈ្លានពានដ៏ឃោរឃៅរបស់យោធាថៃលើបូរណភាពទឹកដីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីលើកទី១៥ ដែលមានប្រធានសភាជាស្រ្តីមកពី ៣០ប្រទេស ចូលរួម នៅទីក្រុងហ្សឺណែវ
—————————————-
នៅចំពោះមុខគណៈប្រតិភូ ដែលជាប្រធានសភាជាស្រ្តីក្នុងពិភពលោកចំនួន៣០ប្រទេសចូលរួម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្រក់ទឹកភ្នែក អាណិតប្រជាពលរដ្ឋខ្មែរ ពិសេសស្រ្តីនិងកុមារ ដែលជាជនស្លូតត្រង់ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហារដោយអាវុធធុនធ្ងន់ យ៉ាងឃោរឃៅពីការឈ្លានពានរបស់ប្រទេសថៃមកលើដែនធិបតេយ្យកម្ពុជានៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ក្នុងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំកំពូលស្រ្តីលើកទី១៥ នៃប្រធានសភាស្ត្រី (15SWSP) ក្រោមមូលបទ«ការដឹកនាំដើម្បីសន្តិភាពរួម និងមានចីរភាព » នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ម៉ោងនៅក្នុងប្រទេសស្វីស ដែលត្រូវជាពេលរសៀលនៅកម្ពុជា សម្តេចប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ដែលជាការរំលោភទាំងស្រុងលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានរំលោភទៅលើដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃឯករាជ្យមួយ។ អំពើព្រៃផ្សៃនោះ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋស្លូតត្រង់ ពិសេសស្រ្តីនិងកុមារ ដែលជាជនងាយរងគ្រោះ។ ទង្វើឈ្លានពាននេះ យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី យន្តហោះចម្បាំងដ៏មានអំណាច F-16 ដ្រូន និងគ្រឿងសព្វាវុធធុនធ្ងន់ជាច្រើន ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ និងធ្វើឱ្យពលរដ្ឋកម្ពុជារាប់សែននាក់ត្រូវបាត់បង់ទីជម្រក និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយមន្ទីរពេទ្យ សាលារៀន ទឹក ភ្លើង ទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ។
“យើងសូមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ ដើម្បីការពារជនស៊ីវិល ពិសេសស្រ្តី និងកុមារ ដើម្បីចៀសផុតពីវិនាសកម្មនេះបន្តទៀត។ បន្ថែមពីនេះ យើងត្រូវពង្រឹងតួនាទីរបស់ស្រ្តីក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះដែលកំពុងកើតមាននេះ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ស្រ្តីកម្ពុជានិងស្រ្តីថៃ អាចធ្វើការជាមួយគ្នាដើម្បីបញ្ចប់ជម្លោះដោយប្រដាប់អាវុធ និងការរំលោភច្បាប់អន្តរជាតិ។ យើងស្រលាញ់សន្តិភាព។ យើងត្រូវកសាងសន្តិភាពទំាងអស់គ្នា។
នៅក្នុងកិច្ចប្រជុំដែលមានប្រធានសភាជាស្រ្តីមកពី៣០ប្រទេស សម្តេចរដ្ឋសភាបានសង្កត់ធ្ងន់ថា” យើងត្រូវតែបញ្ឈប់នូវការរំលោភលើច្បាប់អន្តរជាតិ និងសូមអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិដើម្បីស្វែងរកការពិត និងត្រូវស្វែងរកដំណោះស្រាយតាមរយៈតុលាការអន្តរជាតិ”។
សម្តេចមានប្រសាសន៍បន្តថា ពិភពលោកបច្ចុប្បន្ន កំពុងស្ថិតនៅចំណុចរបត់ដ៏គួរឱ្យព្រួយបារម្ភមួយ។ យើងត្រូវប្រឈមទៅនឹងជម្រើសមួយដ៏លំបាក៖ ត្រូវការសន្តិភាព ឬសង្រ្គាម? តើត្រូវគោរពច្បាប់អន្តរជាតិ ឬបណ្តោយឱ្យមានការធ្លាក់ចុះ? តើយើងត្រូវការនូវ វិបុលភាពរួម ឬ ការគិតបំផ្លិចបំផ្លាញដោយមានអ្នកឈ្នះ និងអ្នកចាញ់? ។
សុន្ទរកថាសម្តេចប្រធានរដ្ឋសភាកម្ពុជា បានទទួលការចាប់អារម្មណ៍ជាខ្លំាងពីកិច្ចប្រជុំ។កិច្ចប្រជុំបានស្តាប់ដោយការយកចិត្តទុកដាក់ពីការរៀបរាប់របស់សម្តេចប្រធានរដ្ឋសភា។ សម្តេចបានបន្តថា ការចុះខ្សោយនៃអភិបាលកិច្ចសកល និងការមិនគោរពច្បាប់អន្តរជាតិ បានគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា“យើងចាំបាច់ត្រូវឈរជាមួយគ្នាឱ្យរឹងមាំក្នុងការការពារច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនិយម ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះនៃសន្តិភាព”៕