គណៈគ្រប់គ្រង និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ៤៥០អង្គ/នាក់ សម្តែងនូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងចេញញត្តិថ្កោលទោស ចំពោះការឈ្លាន ពានរបស់យោធាថៃមកលើដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធី “ការចូលរួមគាំទ្ររាជរដ្ឋាភិបាល និងកង កម្លាំងក្នុងការការពារជាតិមាតុភូមិ” ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធា រណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដើម្បីសម្តែងនូវឆន្ទៈចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងផ្ដល់កម្លាំងចិត្តជូនដល់បងៗវីរៈកងទ័ពជួរមុខរបស់កម្ពុជា ដែលបាននិងកំពុងការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ប្រឆាំងនឹងការរំលោភបំពានពីបច្ចាមិត្ត។
ពិធីប្រកបដោយស្មារតីសាមគ្គីភាព និងស្នេហាជាតិដ៏អធិកអធមនេះ មានព្រះវត្តមាននិមន្ត និងការអញ្ជើញចូលរួមពីព្រះសង្ឈ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល សាស្ត្រាចារ្យ គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ៤៥០អង្គ/នាក់។
ការចូលរួមគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងក្នុងការការពារជាតិមាតុភូមិ” នាពេលនេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីបង្ហាញនូវមនោសញ្ចេតនាស្វាមីភក្តិ ទឹកចិត្តស្នេហាជាតិមាតុភូមិ ការចូលរួមគាំទ្រ ការផ្ដល់កម្លាំងចិត្ត និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងវីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងយ៉ាងរឹងមាំ និងអង់អាចក្លាហាន ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាប្រឆាំងនឹងប្រតិបត្តិការឈ្លានពានទ្រង់ទ្រាយធំ យ៉ាងកម្រោល និងយ៉ាងគគ្លើនរបស់យោធាថៃ។
ក្នុងបុព្វហេតុ និងស្មារតីខាងលើ សាលាភូមិន្ទរដ្ឋបាល បានឯកភាព និងរួមចិត្តថ្លើមគ្នា ដើម្បីចូលរួមច្រៀងចម្រៀងជាតិ និងចម្រៀងដែលបង្ហាញការគាំទ្រ លើកទឹកចិត្ត ចំពោះរាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខកម្ពុជា និងបានសង្រួមកាយវាចារចិត្តគោរពដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជនកម្ពុជា ដែលបានពលីក្នុងសមរភូមិ ,ការអានញ្ញត្តិគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខប្រឆាំងការឈ្លានពានមកលើដែលអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា។ និងការស្រែកជ័យឃោសគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងក្នុងការការពារជាតិមាតុភូមិ។
នៅក្នុងឱកាសនេះ អង្គពិធី បានអានញត្តិថ្កោលទោស ចំពោះការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារថា ៖
គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាមទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល សូមសម្តែងនូវការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់យោធាថៃ ដែលបានបង្កហេតុ និងបើកការបាញ់ប្រហារជាមុន ដោយចេតនាទុច្ចរិតមកលើកងកម្លាំងឈរជើងរបស់កម្ពុជានៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ផ្សេងទៀតនៅក្នុងទឹកដីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ អំពើឈ្លានពានរបស់ថៃនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ ដែលប៉ះពាល់ដល់អាយុជីវិតប្រជាជនស្លូតត្រង់ បេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងសន្តិសុខតំបន់។
ក្នុងកាលៈទេសៈនេះ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា និងភាពអង់អាចក្លាហានរបស់កងកម្លាំងទាំងអស់របស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រោមអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ សម្តេចអគ្គមហារសនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនស្របច្បាប់ ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាប្រឆាំងនឹងការ ឈ្លានពានរបស់ប្រទេសថៃ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងវត្ថុស័ក្តិសិទ្ធិនៅក្នុងលោក ព្រះបារមីនៃទេវតារក្សាស្វេតច្ឆត្រ ដួងព្រលឹង បុព្វបុរសខ្មែរគ្រប់ជំនាន់ សូមជួយបីបាច់ថែរក្សាការពារបងប្អូនប្រជាពលរដ្ឋខ្មែរ ជនភៀសសឹក កងកម្លាំងជួរមុខ និងព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានសុខសុវត្ថិភាព និងយកជ័យជម្នះឈ្នះលើខ្មាំងឈ្លានពានទឹកដី៕