ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ជាប់ព្រំដែនមកកាន់ទីកន្លែងសុវត្ថិភាព

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អមដោយសមាជិករដ្ឋសភា ព្រឹទ្ធសភា និងក្រុមការងារគ្រប់ថ្នាក់ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ជាប់ព្រំដែនមកកាន់ទីកន្លែងសុវត្ថិភាព នៅវត្តសម្បូរណ៍សាមគ្គីប្រាសាទមានជ័យ ស្ថិតនៅភូមិប្រាសាទ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក កោតសសើរ លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់នៃមហាគ្រួសារអ្នកបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បាន ផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ឱ្យរៀបចំរក្សាសន្តិសុខ នៅលំនៅដ្ឋានដើមរបស់បងប្អូនប្រជាពលរដ្ឋ បង្ការកុំឱ្យមានអំពើចោរកម្មផ្សេងៗ ។ល។ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យថែរក្សាសុខភាព អនាម័យ ” ហូបស្អាត រស់នៅស្អាត ” ចូលរួមតាមដាននិងសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជាប់ជាប្រចាំសំដៅប្រសិទ្ធភាពក្នុងការដោះស្រាយ ហើយជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំដោះស្រាយបញ្ហាជាតិដ៏ធំមួយនេះ។
ក្នុងឱកាសនោះផងដែរ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា ឯកឧត្តម កែ គឹមយ៉ាន បាននាំយកបច្ច័យនិងអំណោយមួយចំនួនប្រគេនព្រះសង្ឃនិងផ្ដល់ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។