ទេសរដ្ឋមន្ត្រី  គន់ គីម  អញ្ជើញចុះពិនិត្យការរៀបចំមណ្ឌលសុវត្ថិភាពនៅវត្តពោធិ៍៥០០០ដើម ក្នុង ស្រុកគូលែន ខេត្តព្រះវិហារ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញចុះពិនិត្យការរៀបចំមណ្ឌលសុវត្ថិភាពនៅវត្តពោធិ៍៥០០០ដើម ក្នុងភូមិសាស្ត្រភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ស្របពេលដែលសង្គ្រាមកំពុងកើតមានឡើងនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសារការឈ្លានពានប្រដាប់អាវុធពីកងទ័ពថៃមកលើទឹកដីកម្ពុជា។ 

ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ស្រ្តីមានផ្ទៃពោះ ចាស់ជរា និងកុមារជាច្រើននាក់ ត្រូវបានជម្លៀសមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើមនេះ ចាប់តាំងពីដើមខែមិថុនាឆ្នាំ ២០២៥ រហូតដល់ពេលនេះ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តព្រះវិហារ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការរៀបចំកន្លែងស្នាក់នៅសមរម្យ ព្រមទាំងផ្ដល់អាហារហូបចុក និងស្បៀងបម្រុងសម្រាប់ប្រជាពលរដ្ឋក្នុងស្ថានភាពដ៏លំបាកនេះ។