ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ ITU ដើម្បីកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្កានុពល លើវិស័យផ្សព្វផ្សាយ,

ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកបណ្ឌិត Cosmas Zavazava ប្រធានការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មានទទួលបានការគាំទ្រពី ITU ក្នុងការផ្លាស់ប្ដូរប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូកទៅ ឌីជីថល ហើយក្នុងនោះ ITU បានជួយគាំទ្រក្រសួងព័ត៌មានកម្ពុជាក្នុងការងារបចេ្ចកទេសដើម្បីឲ្យគោល នយោបាយស្របទៅតាមនិយាមអន្ដរជាតិ ឲ្យត្រូវទៅតាមប្រេកង់អន្ដរជាតិ។ ឯកឧត្តម រដ្ឋមន្ត្រី បានបន្ដថា ការផ្លាស់ប្ដូរប្រព័ន្ធផ្សព្វផ្សាយពី អាណាឡូក ទៅ ឌីជីថល នេះបានឈានទៅដល់ការរៀបចំជាទស្សនាទានរួម ហើយរំពឹងថាគោលនយោបាយជាតិនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីដាក់ឲ្យអនុវត្តន៍ ព្រោះវាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលជាការតាំងចិត្តរួមរបស់អាស៊ានគឺត្រូវធ្វើការផ្លាស់ប្ដូរប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូកទៅ. ឌីជីថល។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និង ITU លោកប្រធានការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) សន្យាថា នឹងពង្រឹងធនធានមនុស្សដែលមានការផ្ដល់ជូនអ្នកជំនាញមកបណ្ដុះបណ្ដាលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងប្រព័ន្ធប្រេកង់ វិទ្យុ និងទូរទស្សន៍ ធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យពាក់ព័ន្ធទៅនឹងប្រព័ន្ធហោះហើរ ដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើនខាងផ្នែកអាកាសចរណ៍ នៅខេត្តកណ្ដាល និងសៀមរាប។ សម្រាប់បញ្ហានេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មានកន្លងមកបានធ្វើការសហការជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាកាសចរណ៍សុីវិល ដើម្បីពិនិត្យមើលទីតាំងអង់ទែននានាដែលស្ថិតនៅតាមផ្លូវជើងហោះហើរ អោយបានល្អកុំឲ្យមានការពាក់ព័ន្ធការងារបច្ចេកទេស៕