រដ្ឋបាលខេត្តព្រះសីហនុគាំទ្រចំពោះការសម្តែងចម្រៀងដំណើរទេសចរណ៍សប្បុរសធម៌ របស់ក្រុមចម្រៀង Monaco Boys ជាលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានគាំទ្រចំពោះការសម្តែងចម្រៀងដំណើរទេសចរណ៍សប្បុរសធម៌របស់ក្រុមចម្រៀង Monaco Boys ជាលើកទី២ លើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងតារារះនាទិសនិរតីនៃខេត្តព្រះសីហនុ របស់ប្រទេសកម្ពុជា ក្នុងគោលបំណង ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីបង្កើនភាពជិតស្និទ្ធ និងរឹតចំណងសាមគ្គីភាពរវាងគ្រីស្ទ បរិស័ទ និងរដ្ឋបាលខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ដោយពិធីនេះបានប្រារព្ធធ្វើនៅរាត្រីថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកឪពុកព្រះវិហារ ការតូលិកFather’s will from St.Michael Church អាជ្ញាធរក្រុងមន្ទីរអង្គភាពក្នុងខេត្ត លោក នាយកគ្រប់គ្រងទូទៅNovotel Sihanouk Holiday Resort  ក្រុមចម្រៀង Monaco Boys  លោក  លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ រួមជាមួយនឹងបណ្ដាអង្គការនានាក្នុងក្រុងព្រះសីហនុផងដែរ។

លោកអភិបាលរងខេត្តក៏បានលើកឡើងផងដែរថា ពិធីនាពេលនេះប្រព្រឹត្ត ទៅប្រកប ដោយសាមគ្គីភាព និងស្និទ្ធស្នាលបំផុតក្នុងវិស័យសាសនា ស្របទៅនឹងស្ថានភាពដែលប្រជាជនកម្ពុជា កំពុងរស់នៅក្នុងប្រទេសមួយប្រកបដោយសុខដុមរមនា មានសុខសន្តិភាព  សុភមង្គល មានសិទ្ធិសេរីភាពខាងជំនឿសាសនា និងការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់សន្តិភាពក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ សហគមន៍ព្រះវិហារកាតូលិក គ្រឹស្ទបរិស័ទ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីវៃអង្គាសនេះឡើងជាថ្មី ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជូននូវការ ពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺជាពិសេសដល់កុមារ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុពិតជាមោទកភាពចំពោះប្រជាពលរដ្ឋក្នុងខេត្តដែលគោរពកាន់សាសនាផ្សេងៗគ្នាប៉ុន្តែមានការសាមគ្គីគ្នាយ៉ាងល្អប្រសើរ។ ទាំងនេះពិតជាបានបង្ហាញពីសុខដុមនីយកម្មសាសនានៅកម្ពុជាតាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហ ប្រតិបត្តិការល្អជាមួយស្ថាប័ន-អង្គភាពក៏ ដូចជាដៃគូរពាក់ព័ន្ធដើម្បីធ្វើឱ្យមានប្រសិទ្ធ ភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនិក នៅព្រះរាជាណាចក្រកម្ពុជាទាំងនៅពេលបច្ចុប្បន្ន និងទៅពេលអនាគត។

ជាមួយនេះ រដ្ឋបាលខេត្តព្រះសីហនុ នាពេលកន្លងមក ក៏បានខិតខំអំពាវនាវតាមគ្រប់រូបភាពដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជនក្នុងខេត្ត ដើម្បីប្រមូលថវិកាជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុបា្ជក្នុងគោល បំណងជួយដល់កុមារកម្ពុជាផងដែរ៕