ចូលស្រះជម្រកត្រីសហគមន៍នេសាទបឹងកំពែង ខេត្តពោធិ៍សាត់ ទទួលបានកូនត្រីចម្រុះ៣ម៉ឺនក្បាល និងត្រីមេពូជ១០០គីឡូក្រាម

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានសហការជាមួយមន្ទីរកសិកម្ម រៀបចំប្រារព្ធទិវាមច្ឆាជាតិ ដោយបានលែងកូនត្រីចម្រុះ៣ម៉ឺនក្បាល និងត្រីមេពូជ១០០គីឡូក្រាម នៅស្រះជម្រកត្រីសហគមន៍នេសាទបឹងកំពែង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ។

ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា បានឱ្យដឹងថា ត្រីដែលបានលែងចូលស្រះជម្រកត្រីសហគមន៍នេសាទបឹងកំពែង មានដូចជា ត្រីឆ្អិន ត្រីប្រា ត្រីពោធិ៍ ត្រីក្រាញ់ លើសពីនេះក៏មាន អណ្ដើក កង្កែបផងដែរ។ ការលែងមច្ឆជាតិនេះដែរ ដើម្បីបង្កើនផលស្តុកធម្មជាតិក្នុងបឹងជម្រកត្រីធម្មជាតិឱ្យសម្បូរហូរហៀរឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់គ្នា។ ខេត្តពោធិ៍សាត់ មានសហគមន៍នេសាទចំនួន៣៥ បង្កើតឡើងក្នុងក្រុង-ស្រុកទាំង៧ និងមានការទទួលស្គាល់ដោយក្រសួងកសិកម្ម។ សហគមន៍ទាំងអស់ គឺបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានជលផលនៅក្នុងខេត្ត។ ការអភិរក្សធនធានជលផលមកដល់បច្ចុប្បន្ន កន្លែងអភិរក្សជលផលក្នុងខេត្តពោធិ៍សាត់មាន៦កន្លែង និងបានបង្កើតស្រះជម្រកត្រីបានចំនួន៣៣កន្លែង។

សូមបញ្ជាក់ថា ផលនេសាទត្រីទឹកសាបរយៈពេល៦ខែ ឆ្នាំ២០២៥នេះ សម្រេចបានចំនួន៣១៦០០តោន មានការកើនឡើងជាង១២០០តោន បើធៀបនឹងឆ្នាំ២០២៤។ ដោយទ្បែក ការទទួលផលពីវារីវប្បកម្មចិញ្ចឹមត្រី តាមស្រះ និងតាមបែ បានចំនួន១៣០៤២តោន៕