ថ្នាក់ដឹកនាំក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាបង្ហើយកិច្ចការងារដែលនៅសេសសល់ ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ នៅលើទឹកដីអង្គរខេត្តសៀមរាប

រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាសៀមរាប គណៈកម្មការរៀបចំនៃក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាបង្ហើយកិច្ចការងារដែលនៅសេសសល់ ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ The 20th AMS 2025 នៅលើទឹកដីអង្គរខេត្តសៀមរាប។
ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ “អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ” ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ៣៦ ប្រទេសនៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ។
កន្លងទៅថ្មីៗពាក់ព័ន្ធនឹងការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នេះដែរ ឯកឧត្ដម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានរៀបចំសន្និសីទកំពូល AMS លើកទី២០ បានមានប្រសាសន៍បានឱ្យដឹថា សន្និសីទកំពូលសារព័ត៌មានអាស៊ីគឺជាការប្រជុំជារៀងរាល់ឆ្នាំរបស់ផលិតករព័ត៌មាន រួមមានវិទ្យុ ទូរទស្សន៍ កាសែត អ្នកផលិតសម្ភារប្រព័ន្ធព័ត៌មាននិងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្ដមបញ្ជាក់ថា នេះគឺជាការជួបជុំប្រចាំឆ្នាំ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីផ្ទេរចំណេះដឹង ទៅដល់អ្នកជំនាន់ក្រោយ និងដើម្បីគិតគូរពិចារណាថា តើការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ការដោះស្រាយវិបត្តិលើប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំកន្លងមក តើយើងធ្វើយ៉ាងណាដែរ។ ឯកឧត្ដមអនុរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការជួបជុំគ្នា ដើម្បីនិយាយអំពីកិច្ចការងារ ហើយដំណោះស្រាយ ប្រទេសនីមួយៗដើរតួនាទីដូចម្ដេច ដើម្បីអភិវឌ្ឍន៍វិស័យផ្សព្វផ្សាយរបស់ខ្លួន។