ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវអញ្ជើញចូលរួមពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ដល់វត្តចំនួន៣១ នៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឧកញ៉ា អគ្គមហាឧបាសិកាសិរីករុណាបទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមគ្រួសារ អមដោយក្រុមការងារ បានអញ្ជេីញប្រគេនទៀនព្រះវស្សានិងទេយ្យទាន ដល់ចំនួន៣៣១ ក្នុងស្រុកថ្មពួក ដែលពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណវត្តគិរីរុក្ខារាមថ្មរមៀល ភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធមិត្តដ៏អង់អាចក្លាហានហ៊ានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិនិងបុព្វការីជន ព្រមទាំងញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក កោតសសើរ លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់នៃមហាគ្រួសារអ្នកបន្ទាយមានជ័យ ។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ពិសេសអាជ្ញាធរស្រុកថ្មពួក ត្រូវធ្វើការក្តាប់សភាពការណ៍សន្តិសុខតាមព្រំដែនឲ្យបានជាប់ជាប្រចាំ ដើម្បីងាយស្រួលក្នុងការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសហការជាមួយអាជ្ញាធរក្តាប់សភាពការណ៍ជាប្រចាំផងដែរព្រមទាំងថែរក្សាសុខភាព អនាម័យ ហូបស្អាត រស់នៅស្អាត។
ក្នុងឱកាសនោះដែរ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ បាននាំយកអំណោយផ្ដល់ជូនដល់លោកតា លោកយាយ និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះផងដែរ។