សេចក្តីប្រកាសព័ត៌មាននៃមហាអយ្យការ អមតុលាការកំពូលកម្ពុជា៖ កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងសន្និសីទអយ្យការកម្ពុជា-ឡាវ លើកទី១ ដែលដឹកនាំដោយលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យជាមួយនឹងការប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន នៃប្រទេសទាំង២ កម្ពុជា-ឡាវ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៃមហាអយ្យការ អមតុលាការកំពូលកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចផ្លូវការ និងសន្និសីទអយ្យការកម្ពុជា-ឡាវ លើកទី១ ដែលដឹកនាំដោយលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូលកម្ពុជានេះ បានប្រព្រឹត្តិទៅនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា នៅក្នុងអំឡុងពេលប្រាំថ្ងៃនេះ គណៈប្រតិភូកម្ពុជាបានបំពេញសកម្មភាពជាច្រើន ដែលបង្ហាញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររួមមាន៖

១. ជំនួបកំពូលជាមួយថ្នាក់ដឹកនាំឡាវ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ជា លាង បានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ថងលុន ស៊ីស៊ូលីត ប្រធានរដ្ឋឡាវ និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ។ ជំនួបទាំងនេះបានគូសបញ្ជាក់ពីចំណងមិត្តភាពជាប្រពៃណី និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការគោរពគ្នាទៅវិញទៅមកលើគោលការណ៍នីតិរដ្ឋ និងច្បាប់អន្តរជាតិ។

២. ពង្រឹងកិច្ចសហប្រតិបត្តិការតុលាការ៖ នៅថ្ងៃជាមួយគ្នានោះដែរលោកជំទាវ អគ្គព្រះរាជអាជ្ញា ក៏បានជួបលោកជំទាវ វៀងថង ស៊ីផាន់ដន ប្រធានតុលាការកំពូលឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតុលាការ ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែនដូចជា ស្ទឹងត្រែង ព្រះវិហារ រតនគិរី របស់កម្ពុជា និងចម្ប៉ាស័ក អាតាពើ សេកុង របស់ឡាវ។

៣. សន្និសីទផ្តោតលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ រសៀលថ្ងៃទី១៥ ខែកក្កដា លោកជំទាវ ជា លាង និងឯកឧត្តម សាយសាណៈ ឃុតភូថន អគ្គរដ្ឋអាជ្ញាឡាវ បានដឹកនាំសន្និសីទអយ្យការកម្ពុជា-ឡាវ លើកទី១។ សន្និសីទនេះបានផ្តោតលើ «កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនទាក់ទងនឹងការជួញដូរគ្រឿងញៀន» ដោយសង្កត់ធ្ងន់លើការចែករំលែកព័ត៌មាន និងបទពិសោធន៍ ដើម្បីទប់ស្កាត់និងបង្ក្រាបបទឧក្រិដ្ឋដ៏គ្រោះថ្នាក់នេះ។

៤. ទស្សនកិច្ចនៅខេត្តហ្លួងប្រាបាង៖ ដំណើរទស្សនកិច្ចក៏បានបន្តទៅខេត្តហ្លួងប្រាបាង ដែលជាទីដែលគណៈប្រតិភូបានជួបជាមួយ ឯកឧត្តម ប៊ុនលៀម ម៉ានីវង្ស អភិបាលរងខេត្ត (ថ្ងៃទី១៦ កក្កដា) និងឯកឧត្តម ខាំផាសុង ឌីធីយ៉ាវង្ស ប្រធានរដ្ឋអាជ្ញាខេត្ត (ថ្ងៃទី១៧ កក្កដា)។ ជំនួបទាំងពីរនេះបានបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅកម្រិតមូលដ្ឋាន។

សូមជម្រាបថា ដំណើរទស្សនកិច្ចនេះបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជានិងឡាវ ក្នុងការធ្វើការរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ជាពិសេសតាមរយៈការបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕