ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំអាជ្ញាធរខេត្តឧត្តរមានជ័យ ចុះពិនិត្យអតីតយុទ្ធជន និងនិវត្តជនណាខ្វះខាត ដើម្បីដោះស្រាយការលំបាក

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីអបអរសាទរ ទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា លើកទី១៨ និងពិធីសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ។

ពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំ ស.អ.ក. និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត ជាប្រធានកិត្តិយស ស.អ.ក. ខេត្ត, លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក. ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាតំបន់ប្រតិបត្តិការសឹករងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៥០០នាក់។

នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពមកទល់ពេលបច្ចុប្បន្ន។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមើលឃើញថា អតីតយុទ្ធជន និងនិវត្តជន សុទ្ធតែជាអ្នកបានពលិកម្មជូនជាតិ និងប្រជាជនដូចគ្នា។ ដូចនេះ សម្តេចតេជោ ប្រធានសមាគម សម្រេចរៀបចំបញ្ជូលអតីតយុទ្ធជន និងនិវត្តជន មកក្រោមឆ័ត្រតែមួយ ក្រោមការដឹកនាំដោយផ្ទាល់សម្តេចតេជោ ហ៊ុន សែន ដែលនេះឆ្លុះបញ្ចាំងថា មន្រ្តីរាជការគ្រប់ប្រភេទមិនត្រូវបោះបង់ ឬទុកនៅដោយឡែកឡើយ។

ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ក្នុងមូលដ្ឋាន ចុះពិនិត្យមើលអតីតយុទ្ធជន និងនិវត្តជន ដែលជួបការខ្វះខាតពិតប្រាកដឱ្យទទួលបានការដោះស្រាយ តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា។

ចុងបញ្ចប់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕