បាតុកម្មនៅអាហ្សង់ទីនបន្ទាប់ពីរដ្ឋាភិបាលរបស់ប្រធានាធិបតី Javier Milei បានកាត់បន្ថយថវិកាក្នុងវិស័យសុខាភិបាលចំនួន៤៨%និងបញ្ឃប់បុគ្គលិកពេទ្យជាង២០០០នាក់

ក្រុមវេជ្ជបណ្ឌិត ប្រជាជននិងបុគ្គលិករដ្ឋបាលពីមន្ទីរពេទ្យ Garrahan ដែលជាគ្រឹះស្ថានពេទ្យកុមារឈានមុខគេនៅប្រទេសអាហ្សង់ទីនបានធ្វើបាតុកម្មទាមទារឲ្យមានការតម្លើងប្រាក់បៀវត្សរ៍របស់ពួកគេពីរដ្ឋាភិបាលនៃប្រធានាធិបតី Javier Milei។ ភាពតានតឹងនៅមន្ទីរពេទ្យ Garrahan បង្ហាញពីការមិនពេញចិត្តរបស់អ្នកជំនាញក្នុងវិស័យសុខាភិបាលក្រោមរដ្ឋាភិបាលសេរីនិយមរបស់លោក Milei ដែលបានផ្ដោតសំខាន់លើការកាត់បន្ថយការចំណាយសាធារណៈយ៉ាងខ្លាំង ដើម្បីប្រយុទ្ធនឹងស្ថានភាពអតិផរណា។ បុគ្គលិកនៅ Garrahan បានបង្ហើបពីលក្ខខណ្ឌការងារដែលកាន់តែអាក្រក់ដោយបញ្ជាក់ថាមានបុគ្គលិក លាឈប់ចំនួនជិត ២០០ នាក់ ពីព្រោះតែប្រាក់ខែទាបពេក មិនគ្រប់គ្រាន់សម្រាប់ការរស់នៅជាប្រចាំថ្ងៃរបស់ពួកគេនោះទេ។ យ៉ាងណាមិញបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យកុមារឈានមុខគេរបស់អាហ្សង់ទីនមួយនេះនិងតំបន់ផ្សេងទៀតបានប្រកាសថា៖ ការបន្ថែមប្រាក់ខែថ្មីៗដែលក្រសួងសុខាភិបាលបានផ្តល់ឲ្យ មិនអាចបំពេញតម្រូវការចាំបាច់របស់បុគ្គលិកសុខាភិបាលបានទេ ដូច្នេះពួកគេបានប្រកាសឈប់បម្រើការងារ ហើយរដ្ឋាភិបាលក៏បានថ្កោលទោសទៅលើពួកគេដែរ។ គួររំលឹកថាចាប់តាំងពីលោកប្រធានាធិបតី Javier Milei ដឹកនាំប្រទេសតាំងពីខែធ្នូ ឆ្នាំ២០២៣មក លោកបានកាត់បន្ថយថវិកាផ្នែកសុខាភិបាលអាហ្សង់ទីនចំនួន៤៨% ហើយ។ រដ្ឋាភិបាលរបស់លោកក៏បានបណ្ដេញបុគ្គលិកក្រសួងសុខាភិបាលចេញច្រើនជាង ២០០០នាក់ដែរ ដែលក្នុងនោះរួមមាន១៤០០នាក់ត្រូវបានបណ្ដេញក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃក្នុងខែមករាប៉ុណ្ណោះ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា