ក្រសួងបរិស្ថាន និង UN-CTCN រៀបចំសិក្ខាសាលាថ្នាក់ជាតិបច្ចេកវិទ្យាអាកាសធាតុ សំដៅលើកកម្ពស់វិនិយោគបៃតង និងពង្រឹងយន្តការហិរញ្ញវត្ថុ

ភ្នំពេញ ៖ លោកជំទាវ អឿន បញ្ចនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥  បានចូលរួមជាគណៈអធិបតីផ្តល់សុន្ទរកថាបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីបច្ចេកវិទ្យាអាកាសធាតុនៅកម្ពុជា ដោយមានការចូលរួមពី លោក អ៊ុក ណាវ៉ាន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ និងលោក Christian Lohberger អនុប្រធានក្រុមប្រឹក្សានៃមជ្ឃមណ្ឌល និងបណ្តាញបច្ចេកវិទ្យាអាកាសធាតុអង្គការសហប្រជាជាតិ (UN-CTCN)  និងមានការចូលរួមពីក្រសួងពាក់ព័ន្ធ ស្ថាប័នសិក្សា-អប់រំ អង្គការអន្តរជាតិ វិស័យឯកជន និងជាពិសេសក៏មានការចូលរួមពីមន្ត្រីនាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ប្រមាណ៥០រូប។ 

អង្គសិក្ខាសាលាថ្នាក់ជាតិនេះ សម្របសម្រួលរៀបចំដោយនាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន ក្រោមការជួយគាំទ្រថវិការៀបចំពី UN-CTCN ក្នុងគោលបំណងចម្បងៗរួមមាន ទី១) ស្វែងយល់ពីបច្ចេកវិទ្យាអាកាសធាតុ ដែលត្រូវបានអនុម័ត និងអនុវត្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង ទី២)កំណត់វិធីសាស្ត្រ និងឱកាសសម្រាប់ការចូលរួមរបស់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការផ្សារភ្ជាប់រវាងយន្តការបច្ចេកវិទ្យា និងហិរញ្ញវត្ថុ និង ទី៣)លើកកម្ពស់ការវិនិយោគអាកាសធាតុបៃតង និងកំណត់យន្តការបច្ចេកវិទ្យា និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពអាកាសធាតុនៅក្នុងប្រទេស ដោយមានការគាំទ្រពីUN-CTCN។ 

ជាលទ្ធផល៖ បទបង្ហាញចំនួន៩ បានបង្ហាញពីអ្នកជំនាញនៅក្នុងអង្គសិក្ខាសាលា ក្រោមប្រធានបទទាក់ទងនិងការងារសំខាន់ៗរបស់ CTCN, គោលនយោបាយជាតិពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងហិរញ្ញវត្ថុ ការពង្រឹងបច្ចេកវិទ្យានិងយន្តការហិរញ្ញវត្ថុ តួនាទីរបស់វិស័យឯកជននិងស្ថាប័នសិក្សា-អប់រំ ដើម្បីលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ ការចូលរួមពីភាគីពាក់ព័ន្ធដោយផ្តោតលើបរិយាកាសក្របខ័ណ្ឌអាកាសធាតុនិងទ្រឹស្តីនៃការផ្លាស់ប្តូរ។

នៅចុងក្រោយអង្គសិក្ខាសាលា បានធ្វើលំហាត់ពិភាក្សា ដោយបែងចែកជា២ក្រុម ដើម្បីពិភាក្សាលើ ១) Water-energy-food-nexus និង២) Energy system  តាមរយៈការដោះស្រាយ រូបមន្ត Problem Tree ដើម្បីកំណត់បញ្ហាប្រឈម និងកំណត់ដំណោះស្រាយគន្លឹះ ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ៕