លោកបណ្ឌិត ភីតថឺ លី ជួបសំណេះសំណាល និងសួរសុខទុក្ខ នាយទាហានឈរជើង  នៅភូមិសាស្រ្តកងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ 

លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិន គ្រុប ឯ.ក និងលោកស្រី ឆាយ លីណា រួមទាំងបុត្រាបុត្រីក្រុមគ្រួសារ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនាយទាហាន ក្នុងខេត្តព្រៈវិហារ ព្រំដែនកម្ពុជា-ថៃ។

លោកបណ្ឌិត ភីតថឺ លី បាននាំយកអំណោយផ្ទាល់ខ្លួន ដូចជា ថវិកាចំនួន ២លានរៀល ទឹកសុទ្ឋចំនួន១០០កេស ត្រីខ២០កេសធំ រួមទាំងអង្ករចំនួន៤តោនផងដែរ ដើម្បីចែកជូនដល់នាយទាហានឈរជើង នៅភូមិសាស្រ្តកងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ដែលបានទទួលដោយឧត្តមសេនីយឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកាំភ្លើងធំកងទ័ពជើងគោកប្រចាំទីបញ្ជាការជួរមុខទិសយោធភូមិភាគទី៤។ 

ឧត្តមសេនីយឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកាំភ្លើងធំកងទ័ពជើងគោកប្រចាំទីបញ្ជាការជួរមុខទិសយោធភូមិភាគទី៤ បានលើកទ្បើងថា បើទោះបីសភាពការនៅទីនេះមានសភាពស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែនាយទាហានដែលបានឈរជើងនៅប្រាសាទព្រះវិហារនេះ នូវតែបន្តប្រចាំការតាមគោលដៅ និងយកចិត្តទុកដាក់ខ្ពស់ សម្រាប់ការការពារមរណភាពទឹកដី។ ឧត្តមសេនីយឯក ពៅ សុខា ក៏បានថ្លែងអំណរគុណលោកបណ្ឌិត ភីតថឺ លី ព្រមទាំងគ្រួសារ ដែលបានចំណាយពេល និងចំណាយថវិកាផ្ទាល់ខ្លួនដល់នាយទាហាននៅក្នុងថ្ងៃនេះ និងសូមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូរទាំងប្រទេស បើទោះបីមិនបានមកផ្ទាល់ក៏ពិតមែន ប៉ុន្តែបងប្អូនតែងតែបានផ្ដល់នូវជំនួយផ្សេងៗដល់កងកម្លាំងទាំងអស់ មិនថានៅប្រាសាទព្រះវិហារ ជាពិសេសនៅតំបន់មុំបី ដែលជាតំបន់កំពុងមានវិវាទរវាងកម្ពុជា-ថៃ។ 

ឆ្លៀតក្នុងឱកាសនោះលោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា ក៏បានបន្តជូនបន្ថែមដល់អង្គភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ក្នុងនោះរួមមាន អង្ករ15តោន ទឹកសុទ្ធប្លូសុី 250 ត្រីខកំប៉ុង 150កោះ និងថវិកាចំនួន២លានរៀល៕