ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅព្រឹកថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៥បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ មន្រ្តីរាជការ បុគ្គលិក និស្សិតជាសមាជិក-សមាជិកា ភ្ញៀវកិត្តិយសជាតិ សរុបជាង៥០០នាក់។
ពិធីធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងអំណរគុណឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងអរគុណចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងពីវឌ្ឍនភាពវិស័យសុខាភិបាលមានការបោះជំហានពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានរំលេចពីសារៈសំខាន់នៃការងារស្ម័គ្រចិត្តដែលត្រូវការទឹកចិត្តចេញពីបេះដូង សរពីការវាស់វែងភាពអត់ធ្មត់ និងការជួបប្រទះនូវការប្រតិបត្តិដោយផ្ទាល់រវាងការរៀននៅក្នុងថ្នាក់ និងការអនុវត្តជាក់ស្តែង ដើម្បីទទួលនូវការហ្វឹកហាត់ជាក់ស្តែង និងទទួលនូវបទពិសោធន៍ នាំមកនូវអនុស្សាវរីយ៍យូរអង្វែង។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល, ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
បានគោរពរាយការណ៍ជាសង្ខេបជូនគណៈអធិបតី និងអង្គពិធីពីដំណើរ និងសកម្មភាពជាឧត្តមប្រយោជន៍របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល÷ ដោយរំព្ញកជូនថា គិតពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានចំនួន ២០ លើក សរុបប្រជាពលរដ្ឋមកទទួលសេវា ចំនួន ១៥៦ ៩១៥ នាក់។ ក្រៅពីសកម្មភាពចុះអប់រំ ថែទាំ ព្យាបាល សុខភាពនេះ មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមយ៉ាងសកម្មជាមួយការងារសង្គមផ្សេងៗ ដែលរួមមានការចូលរួមសកម្មភាពក្នុងនាមជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា សកម្មភាពកាកបាទក្រហមកម្ពុជា សកម្មភាពសប្បុរសធម៌ជួយនិស្សិតដែលខ្វះខាតលទ្ធភាពបន្តការសិក្សា ការងារបរិច្ចាកឈាម ការងារបរិស្ថាន កីឡា និងសិល្បៈ និងជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល គាំទ្រលើកទឹកចិត្តកងទ័ពដែលកំពុងប្រចាំការ ការពារប្រទេស នៅសមរភូមិមុខ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានផ្តល់កិត្តិយសថតរូបអនុស្សាវរីយ៍ជាមួយនឹងសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទាំងអស់៕