កសិករ នៅក្នុងខេត្តពោធិ៍សាត់ ងាកមកដាំឈើហូបផ្លែ ក្រោយទទួលបានទុនពីមន្ត្រីកសិកម្ម

ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានអោយដឹងថា ក្រសួងកសិកម្ម បានប្រកាសគាំទ្រទាំងស្រុងដល់បងប្អូនប្រជាកសិករដាំដំណាំដំឡូងមីប្រមាណជាង៥០គ្រួសារ រស់នៅក្នុងខេត្តពោធិ៍សាត់ ស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍ទំនើប បង្វែរពីការដាំដំណាំដំឡូងមី មកដាំឈើហូបផ្លែកំពុងមានតម្រូវការទីផ្សារជំនួសវិញ។

លោក បន្តថា ក្រោយមើលឃើញថា ដំណាំដំឡូងមី តែងជួបបញ្ហាប្រឈមផ្នែកទីផ្សារច្រើន បងប្អូនប្រជាកសិករដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង បានព្រមស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍ទំនើប និងរួមគ្នាធ្វើពិពិធកម្មចេញពីដំណាំដំឡូងមីលើផ្ទៃដីប្រមាណ១០០ហិកតា ងាកមកដាំដុះឈើហូបផ្លែមួយចំនួនដែលមានតម្លៃខ្ពស់ និងមានទីផ្សារស្រាប់ ដូចជា៖ សាវម៉ាវ មង្ឃុត ប័រ និងផាស្យុង ជំនួសវិញ។ លោកបន្ថែមថា ជាបឋម ផែនការធ្វើពិពិធកម្មចេញពីផ្ទៃដីដាំដុះដំឡូងមីប្រមាណ១០០ហិកតានេះ នឹងត្រូវរៀបចំឡើងជា២ជំហាន ដោយរដូវកាលទីមួយមានចំនួន៥០ភាគរយ និងបញ្ចប់ការដាំដុះដំឡូងមីទាំងស្រុងនៅក្នុងឆ្នាំបន្ទាប់។

បើតាមលោក ឃឹម ហ្វីណង់ ក្រសួងកសិកម្មនឹងផ្តល់ការគាំទ្រទាំងស្រុងទាំងលើដើមទុន បច្ចេកទេស និងជួយរកទីផ្សារ ជូនដល់សហគមន៍ទំនើបខាងលើ ដើម្បីអនុវត្តផែនការពិពិធកម្មប្រកបដោយជោគជ័យ។ ដើម្បីទទួលបានចំណូលបន្ថែមទៀត សហគមន៍ក៏នឹងដាំដំណាំរយៈពេលខ្លីមួយចំនួននៅចន្លោះឈើហូបផ្លែ ដូចជា៖ ល្មៀត ស្លឹកគ្រៃ សណ្តែកសៀង និងចេកជាដើម។

សូមជម្រាបថា សហគមន៍កសិកម្មទំនើប ត្រូវបានបង្កើតឡើងក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ ថ្លែងចេញពីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ កាលពីដើមខែមិថុនាកន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣៥លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប សម្រាប់រយៈពេល៣ឆ្នាំទៅមុខ ចាប់ពីឆ្នាំ២០២៥-២០២៧៕