ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប

នារសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដោយមានការចូលរួមពី ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងអាជ្ញាធរជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក គី វិរិន្ទ អតីត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលកន្លងមកលោកបានដឹកនាំ និងគ្រប់គ្រងមន្ទីរ ប្រព្រឹត្តទៅដោយភាពរលូន និងសម្រេចសមិទ្ធផលជាច្រើនជូនខេត្តលើវិស័យសាធារណការ និងដឹកជញ្ជូន។ ទន្ទឹមនឹងនេះ ក៏សូមចូលរួមអបអរសាទរចំពោះ លោក លឿម រស្មី ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត មើលឃើញពីគុណវុឌ្ឍន៍ និងភាពប៉ិនប្រសប់ការងារ ទើបសម្រេចតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបនាពេលនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់ លោកប្រធានមន្ទីរថ្មីបន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ មិនថានៅក្នុងអាណត្តិទី៧នេះ ឬអាណត្តិមុនៗនោះទេ វិស័យសាធារណការ និងដឹកជញ្ជូន នៅតែត្រូវបានបន្តចាត់ទុកជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលកន្លងមកក្រសួងបានសម្រេចនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ប្រព័ន្ធទឹកកខ្វក់ ផ្លូវទឹកផ្លូវដែក និងសំណង់កំពង់ផែ រួមទាំងការធ្វើទំនើបកម្មនៃការផ្តល់សេវាសាធារណៈលើការដឹកជញ្ជូន ផ្លូវគោកផងដែរ៕