ឧបនាយករដ្ឋមន្ត្រីចិនរិះគន់គោលនយោបាយអាម៉េរិកថាបានធ្វើឱ្យមានភាពមិនប្រក្រតីនៃសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងកាត់បន្ថយ ប្រសិទ្ធភាពសេដ្ឋកិច្ចពិភពលោក

អនុរដ្ឋមន្ត្រីចិន លោក He Lifeng បានថ្លែងក្នុងសុន្ទរកថាបើកពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិក្នុងប្រទេសចិនកាលពីថ្ងៃអង្គារនៅទីក្រុងប៉េកាំង។ លោក He Lifeng បានបញ្ជាក់ដោយមិនបញ្ចេញឈ្មោះអាមេរិកចំទេ ប៉ុន្តែបានរិះគន់គោលនយោបាយនៃការនាំយកផលិតផលឧស្សាហកម្ម ត្រឡប់ទៅផ្ទះវិញដោយប្រើវិធានដាក់ពន្ធគយខ្ពស់និងពង្រឹងការរឹតបន្តឹង។ លោកបាននិយាយថា៖ ការធ្វើបែបនេះគឺអាចនាំឲ្យមានការកើនឡើងនៃភាពមិនប្រក្រតីនៃសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មដែលបានកាត់បន្ថយដល់ប្រសិទ្ធភាពប្រតិបត្តិការទាំងមូលនៃសេដ្ឋកិច្ចពិភពលោកដែរ។ លោកបានបន្ថែមទៀតថា៖ បណ្ដាប្រទេសទាំងអស់គួរតែគោរពចំពោះភាពខុសគ្នានៃកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយយោងទៅលើសង្គ្រាមពាណិជ្ជកម្មរបស់ចិនជាមួយអាមេរិក លោក Lifeng បាននិយាយថាគ្មានអ្នកឈ្នះ អ្នកចាញ់នោះទេ។ គួររំលឹកថាកាលពីដើមឆ្នាំនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាប់ផ្តើមយុទ្ធនាការដាក់ពន្ធគយជា “សមមូល” លើដៃគូពាណិជ្ជកម្ម ដើម្បីនាំការងារវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។ សូមរំលឹកថាលោក Donald Trump បានដាក់ពន្ធគយដល់ទៅ ២៤៥% លើផលិតផលនាំចូលពីប្រទេសចិន រដ្ឋាភិបាលប៉េកាំងក៏បានឆ្លើយតបជាមួយនឹងពន្ធគយយ៉ាងខ្ពស់ផងដែរ។ យ៉ាងណាក្ដីប្រទេសទាំង២បានឯកភាពធ្វើអនុសញ្ញាសន្តិភាពបណ្តោះអាសន្ន ដើម្បីបើកផ្លូវឲ្យមានការចរចារជាមួយគ្នា។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនផលិតឈីបធំមួយរបស់តៃវ៉ាន់ លោក Jensen Huang ក៏បានថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍នេះផងដែរ ដោយបានលើកសរសើរចំពោះអ្នកស្រាវជ្រាវ និងអ្នកអភិវឌ្ឍន៍ចិនក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ សុន្ទរកថារបស់លោកធ្វើឡើងក្រោយពេលដែលលោកបានប្រកាសថា ក្រុមហ៊ុន Nvidia បានទទួលការអនុញ្ញាតពីរដ្ឋបាលលោក Trump ឲ្យលក់បន្ទះឈីប H20 ដែលជាឧបករណ៍កុំព្យូទ័ររបស់ក្រុមហ៊ុននេះសម្រាប់អភិវឌ្ឍបច្ចេកវិទ្យា AI នៅក្នុងប្រទេសចិនឲ្យបានកាន់តែទូលំទូលាយ។ សូមបញ្ជាក់ថាកាលពីខែមេសា សេតវិមាន ឬ White House បានប្រកាសថា៖ អាម៉េរិកនឹងដាក់កំហិតលើការលក់បន្ទះឈីប H20 របស់ក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិន ដូចគ្នានឹងបន្ទះឈីប MI308 របស់ក្រុមហ៊ុន Advanced Micro Devices ដែលជាគូប្រជែង និងដោយរដ្ឋបាល Trump ក្រោមហេតុផលថា ប៉ះពាល់ដល់សន្តិសុខជាតិ៕

សម្រួលអត្ថបទ៖ ឡុង បញ្ញា