ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយ កម្មវិធីអភិវឌ្ឍន៏សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធីភាពជា ដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានដាក់ឱ្យដំណើរការជា ផ្លូវការ “ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” ។
ក្របខ័ណ្ឌនេះ បង្កើតជាប្រព័ន្ធថ្នាក់ជាតិមួយ សម្រាប់ការ សម្របសម្រួល តាមដាន និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព័ន្ធ ដែលនឹងលើកកម្ពស់តម្លាភាព គណនេយ្យភាព និង ការសម្រេចចិត្តផ្នែកលើ ទិន្នន័យ ដើម្បីគាំទ្រ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតំណាងឱ្យ ប្រមាណ ៩៧% នៃតួអង្គ សេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា៖ “ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ នេះ គឺជាជំហានដ៏សំខាន់មួយ ទៀត ក្នុងការពង្រឹង និងពន្លឿនការអនុវត្ត យុទ្ធសាស្ត្រជាតិ ។ ក្របខ័ណ្ឌនេះផ្តល់ជាប្រព័ន្ធមួយសម្រាប់រាជ រដ្ឋាភិបាល ដើម្បីតាមដានវឌ្ឍនភាពជាក់ស្តែង ធ្វើ សេចក្តីសម្រេចចិត្តទាន់ពេលវេលា និង បង្កើនគណនេយ្យភាពសម្រាប់តួអង្គទាំងអស់ដែលអនុវត្តយុទ្ធសាស្ត្រជាតិ ។
ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ កំណត់សូចនាករ សមិទ្ធកម្មគន្លឹះ ច្បាស់លាស់ ព្រមទាំង តួនាទី និង ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នគ្រប់កម្រិត ឱ្យស្រប ទៅនឹងសមត្ថភាព និងធនធាន របស់ខ្លួន។
ក្របខ័ណ្ឌនេះគឺជាលទ្ធផលនៃដំណើរការពិគ្រោះយោបល់ រួមគ្នារយៈពេលមួយឆ្នាំ ដែលទទួលបានធាតុចូលពី សិក្ខាសាលាថ្នាក់ជាតិ ការពិគ្រោះយោបល់បច្ចេកទេសជាមួយក្រសួងចំនួន ១០ និងការពិគ្រោះយោបល់ ថ្នាក់តំបន់ ចំនួន ៥ លើក ជាមួយរដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេស។
លោកស្រី Kirsty Harris ទីប្រឹក្សាអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានលើកឡើងថា៖ រដ្ឋាភិបាល អូស្ត្រាលី តាមរយៈកម្មវិធី CAPRED កំពុងគាំទ្រដល់ការអភិវឌ្ឍផ្ទាំងគ្រប់គ្រង ទិន្នន័យឌីជីថលសម្រាប់ក្របខ័ណ្ឌ ត្រួតពិនិត្យតាមដាន និងវាយតម្លៃ នេះ ដែលនឹងលើកកម្ពស់តម្លាភាព ការសម្របសម្រួល និង ការអនុវត្ត គោលនយោបាយដែលផ្អែកលើភស្តុតាង។ នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ អូស្ត្រាលីចំពោះ កំណើនសេដ្ឋកិច្ច ដែលមានភាពធន់ ចីរភាព និងបរិយាបន្ត នៅកម្ពុជា។
លោក Shakeel Ahmad អ្នកតំណាងរងប្រចាំប្រទេសនៃ អង្គការ UNDP បានលើកឡើងថា៖ “ខណៈដែល ការងារ មុខរបរ និងអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគច្រើនមិនមានការគាំពារ ហើយប្រឈមនឹងភាពងាយ រងគ្រោះ វិស័យនេះ ក៏មានសក្តានុពល ជាក្បាលម៉ាស៊ីនដ៏សំខាន់ សម្រាប់កំណើនប្រកបដោយបរិយាបន្នផងដែរ។ UNDP ប្តេជ្ញាបន្តកិច្ចសហការជាមួយដៃគូ រួមទាំងក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុង ការអនុវត្តយុទ្ធសាស្ត្រជាតិ និងក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ នេះ។”
កម្មវិធីនេះ មាន ការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន សមាគមធុរកិច្ច ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល សរុបប្រមាណ ៣៥០នាក់ ព្រមទាំងមានការចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់ រវាងគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ជាមួយធនាគារចំនួន ៣ បន្ថែមទៀត ក្នុង គោលដៅ ផ្តល់ជម្រើសនិងភាពងាយស្រួល សម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រីកវិសាលភាពនៃ ការផ្សព្វផ្សាយ។
កម្មវិធីរួមមានការបង្ហាញអំពី ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ, ផែនការសកម្មភាពរួមរបស់ក្រសួង – ស្ថាប័ន, និងផ្ទាំងគ្រប់គ្រងទិន្នន័យ (Dashboard) ដោយរំលេចសមត្ថភាពប្រព័ន្ធសម្រាប់ការសម្របសម្រួល និង ការតាមដានទិន្នន័យក្នុងពេលវេលាជាក់ស្តែង។
បច្ចុប្បន្ន អ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះ លើថ្នាល ឌីជីថលរបស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធី ទូរសព្ទដៃ វិប ផតថល និងសាខាធនាគារដៃគូ នៅទូទាំងប្រទេស។ ជាមួយនឹងការចុះអនុស្សរណៈយោគយល់នាថ្ងៃនេះ ធនាគារ ដៃគូដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលសេវាចុះឈ្មោះ បានកើនឡើងដល់ ៨ រួមមាន ធនាគារសហគ្រាសជូន តូច និងមធ្យម កម្ពុជា, ធនាគារ ARDB, ធនាគារ វ៉ង, ធនាគារ ABA, ធនាគារអេស៊ីលីដា, ធនាគារ វឌ្ឍនៈ, ធនាគារ កាណាឌីយ៉ា, និងធនាគារពាណិជ្ជកម្មក្រៅប្រទេស ។
គិតត្រឹមថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ ផ្ទាលឌីជីថល បានទទួលសំណើចុះឈ្មោះ ចំនួន ១១៩.១៨៣ ដែលជា វឌ្ឍនភាពសំខាន់ មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការទទួលស្គាល់ និង ពង្រីកសក្តានុពលនៃ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៕