ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋសភាសាធារណរដ្ឋតួកគី ចូលជួបសម្តែងការគួរសម

ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពអន្តរសភាកម្ពុជា-តួកគី នៃរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម អូស្មាន សាឡាម (Osman Sağlam) សមាជិកសភា និងជាប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋតួកគី ប្រចាំសភាអន្តរសភាអាស៊ាន (AIPA) នៃរដ្ឋសភាTürkiye ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ AIPA Caucus លើកទី១៦ ចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២៥ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តនៅរាជធានីភ្នំពេញ។

ក្នុងនាមសម្តេចមហារដ្ឋសភាធីការធិបតី ប្រធានរដ្ឋសភា ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះគណៈប្រតិភូរដ្ឋសភាតួកគី ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំអ្នកនយោបាយលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ វត្តមានរបស់គណៈប្រតិភូរដ្ឋសភាតួកគី មិនត្រឹមតែផ្តល់កិត្តិយសដល់សភាកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះប៉ុណ្ណោះទេ តែថែមទាំងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

ឯកឧត្តមមានប្រសាសន៍ថា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ឯកឧត្តមពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានចូលរួមបំពេញការងារនៅក្នុងស្ថាប័ននីតិប្បញ្ញតិ្ត ក្នុងនាមជាអនុប្រធានទី២នៃរដ្ឋសភា និងត្រូវបានចាត់តាំងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-សាធារណរដ្ឋតួកគីថែមទៀតផង។
កាលពីឆ្នាំ ២០២៣ កន្លងទៅ ឯកឧត្តមបានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នឹងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នូម៉ាន ឃឺទូលម៉ូស នូម៉ា (Numan KURTULMUS) ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគីផងដែរ។

ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសង្កេតឃើញថា មានការរីកចម្រើនជាបន្តបន្ទាប់ ប្រកបដោយភាពស្វាហាប់ រហូតឈានដល់មានការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា នៅលើវិស័យជាច្រើន ព្រមទាំងមានការគាំទ្រគ្នាទៅវិញទៅមកលើវាទិការអន្តរជាតិជាច្រើន ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញាត្តិ និងនីតិប្រតិបត្តិ។

ជាការឆ្លើយតប ឯកឧត្តម អូស្មាន់ សាហ្លាម (Osman Saglam) បានថ្លែងអំណរគុណចំពោះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសមនាពេលនេះ និងអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ចំពោះគណៈប្រតិរដ្ឋសភាតួកគី។ ឯកឧត្តម បានគាំទ្រចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងការប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដោយឯកឧត្តមសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នឹងឈានដល់ ១ពាន់លានដុល្លា នាពេលខាងមុខឆាប់ៗនេះ។

ឯកឧត្តមប្រធានគណៈប្រតិភូរដ្ឋសភាតួកគី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌអាយប៉ា ក៏នឹងជួយជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម បានជម្រាបជូនថា នាពេលកន្លងទៅ តួកគីបានដាក់ដំណើរការមជ្ឈមណ្ឌលវប្បធម៌នៅកម្ពុជា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងអនុវត្តការទូតវប្បធម៌ និងបានបង្កើតមូលនិធិ Maarif តួកគី ដែលរំពឹងថាគំនិតផ្តួចផ្តើមទាំងពីរនេះ នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ និងស្នើសុំការគាំទ្រពីកម្ពុជាផងដែរ។

ជាចុងក្រោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធាររដ្ឋតួកគី ដែលតែងតែគាំទ្រ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា លើវិស័យជាច្រើន ដូចជា៖ វិស័យអប់រំ ការថែទាំសុខភាព ជំនួយសង្គ្រោះទឹកជំនន់ ជំនួយដោះមីន ការកសាងលំនៅដ្ឋានជូនប្រជាជនក្រីក្រ និងជំនួយជាច្រើនទៀត តាមរយៈទីភ្នាក់ងារសម្របសម្រួល-ទីកា (TIKA) ចាប់តាំងពី ឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន៕