លោកជំទាវ ទុយ សិរីរតន: នេត្រ ភក្រ្តា អញ្ជើញជាអធិបតីនៃការបង្ហាត់បង្រៀន និងផ្តល់នូវការចែករំលែកចំណេះដឹងស្តីពី «កិច្ចការងារ ពិធីការ និងបដិសណ្ឋារកិច្ច» ដល់មន្ត្រីរាជការទទួលបន្ទុកការងារពិធីការ នៃក្រសួងព័ត៌មាន,

( ភ្នំពេញ )៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានគោរពអញ្ជើញ លោកជំទាវ សុខ ស៊ីថន អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី មកជួយផ្តល់នូវការចែករំលែកចំណេះដឹងស្តីពី «កិច្ចការងារ ពិធីការ និងបដិសណ្ឋារកិច្ច» ដល់មន្ត្រីរាជការទទួលបន្ទុកការងារពិធីការ នៃក្រសួងព័ត៌មាន។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ក្រោមអធិបតីភាព លោកជំទាវ ទុយ សិរីរតន: នេត្រ ភក្រ្តា ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

នៅក្នុងឱកាសនេះ លោកជំទាវ ទុយ សិរីរតន: នេត្រ ភក្រ្តា បានផ្តល់ជូននូវលិខិតថ្លែងអំណរគុណរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនចំពោះលោកជំទាវ សុខ ស៊ីថន អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់នូវការចែករំលែកចំណេះដឹងស្តីពី «កិច្ចការងារ ពិធីការ និងបដិសណ្ឋារកិច្ច» ដល់មន្ត្រីរាជការទទួលបន្ទុកការងារពិធីការ នៃក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ថ្លៃថ្លារបស់ លោកជំទាវ បានបង្ហាញពីតម្លៃប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់ រាប់អានយ៉ាងជ្រាលជ្រៅ និងស្មារតីរួមចំណែកដ៏មានសារសំខាន់ក្នុងការផ្តល់នូវចំណេះដឹង និងបទពិសោធ ដ៏ប៉ិនប្រសប់និងស្ទាត់ជំនាញផ្នែកពិធីការ និងបដិសណ្ឋារកិច្ច ដល់មន្ត្រីរាជការក្រសួងព័ត៌មាន៕

Screenshot