ប្រធានាធិបតីអាម៉េរិក Trump ប្រកាសគ្រោងនឹងដាក់ពន្ធ បន្ថែមលើសពី១០% លើទំនិញពីប្រទេសតូចៗជាង១០០ ក្នុងតំបន់Caribbean និង អាហ្រ្វិក

បន្ទាប់ពីប្រធានាធិបតី Donald Trump ត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Pennsylvania វិញលោកបានប្រាប់អ្នកយកព័ត៌មានថា លោកគ្រោងនឹងដាក់ពន្ធបន្ថែមលើស១០% លើទំនិញពីប្រទេសតូចៗ ដែលមាននៅក្នុងតំបន់ Caribbean និងអាហ្វ្រិកផងដែរ។ លោក Trump បាននិយាយថា “យើងប្រហែលជានឹងកំណត់ពន្ធមួយសម្រាប់ពួកគេទាំងអស់គ្នា” ដោយបន្ថែមថាវាអាចជា “ពន្ធលើសពី ១០% បន្តិច” លើទំនិញពីប្រទេសយ៉ាងហោចណាស់ចំនួន១០០ប្រទេស។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Howard Lutnick បានធ្វើអន្តរាគមន៍ថា ប្រទេសដែលមានទំនិញត្រូវបានបង់ពន្ធក្នុងអត្រាទាំងនោះនឹងស្ថិតនៅក្នុងទ្វីបអាហ្រ្វិក និងតំបន់ Caribbean ជាទូទៅវាជាកន្លែងដែលធ្វើពាណិជ្ជកម្មក្នុងកម្រិតតិចតួចជាមួយសហរដ្ឋអាមេរិក ហើយនឹងមិនសូវសំខាន់សម្រាប់ការដោះស្រាយគោលដៅរបស់លោក Trump ក្នុងការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មជាមួយពិភពលោកក្នុងតំបន់ផ្សេងនោះទៀត។ មួយវិញទៀតលោក Trump ក៏បានបញ្ជាក់ផងដែរថា លោកពិតមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាអ្នកគាំទ្រដ៏ក្លៀវក្លាជាច្រើនរបស់លោក មានភាពចលាចលជុំវិញករណីលោក Epstein។ លោក Trump បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីយន្តហោះ Air Force One បានចុះចតនៅរដ្ឋ Maryland និងបន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីក្រុង Pittsburgh ថា “ខ្ញុំមិនយល់ថាហេតុអ្វីបានជាពួកគេចាប់អារម្មណ៍អំពីរឿងអាស្រូវលោក Jeffrey Epstein ដូច្នេះទេ។ លោក Trump បាននិយាយថា “សម្រាប់លោករឿងនេះគឺវាស្លាប់បាត់ជាយូរមកហើយ។ លោកមិនដែលចាត់ទុកវាជាកត្តាសំខាន់ក្នុងឆាកជីវិតនោះទេ។ ប្រធានាធិបតីរូបនេះបន្ថែមទៀតថា លោកពិតជាមិនយល់ថាអ្វីទៅដែលជាការចាប់អារម្មណ៍ ឬអ្វីដែលគួរឲ្យចាប់អារម្មណ៍លើរឿងនោះ» ហើយថែមទាំងបានលើកឡើងថាករណីនេះគួរឲ្យធុញណាស់។ កន្លងទៅទ្រឹស្តីឃុបឃិតគ្នាជុំវិញករណីស្លាប់របស់លោក Epstein នៅក្នុងពន្ធនាគារ និងភស្តុតាងក្នុងសំណុំរឿងជួញដូរផ្លូវភេទរបស់លោករួមទាំងបញ្ជីអតិថិជនជាច្រើនដែលត្រូវបានគេចោទប្រកាន់គឺថាភាគច្រើនត្រូវគេយល់ឃើញថាជាលែសរបស់លោក Trump ផ្ទាល់ ប៉ុន្តែលោកគឺមិនខ្វាយខកវល់រឿងនេះទេ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ