ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន នាំយក​គ្រឿង​ឧបភោគ​ ​បរិភោគ​ និង​សម្ភារមួយ​ចំនួន ប្រគល់ជូននាយទាហាន ពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ស្ថិតនៅទិសប្រាសាទព្រះវិហារ តាមបន្ទាត់ព្រំដែន

នៅថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសេនីយ៍ឯក យិន ច័ន្ទធួននិងលោកជំទាវ  បានដឹកនាំប្រតិភូ​ ក្រុមហ៊ុនចំនួនពីរគឺ:ក្រុមហ៊ុនពិភពដីមាសគ្រុប​ និងក្រុមហ៊ុនAh yat AbaIone Princess ទៅសាកសួរសុខទុក្ខ  នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ស្ថិតនៅទិសប្រាសាទព្រះវិហារ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបាននាំយក​គ្រឿង​ឧបភោគ​ ​បរិភោគ​ និង​សម្ភារ​មួយ​ចំនួន​  ជូនដល់ទីបញ្ជាការ​ បញ្ជាការដ្ឋាន​អង្គរក្ស​ ប្រចាំទិស​ប្រាសាទ​ព្រះ​វិហារ​ ដើម្បីជាការគាំទ្រ លើកទឹកចិត្ត ចំពោះវីរយុទ្ធជនជួរមុខផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានគិតគូរពីសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត ដល់កងកម្លាំងជួរមុខ ការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងបានមានប្រសាសន៍ផ្តាំផ្ញើទៅកាន់បងប្អូន ប្រជាពលរដ្ឋ ទាំងក្នុង  និងក្រៅប្រទេសទាំងអស់ សូមឲ្យជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតីជាប្រមុខ ចូលរួមតស៊ូ អត់ធ្មត់ ជម្នះ នូវការលំបាកមួយចំនួន ដែលកើតមានបណ្តាលមកអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ហើយកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ក៏ដូចជាអង្គភាពផ្សេងៗទៀត បានប្តេជ្ញាត្រៀមខ្លួប24/24h រងចាំទទួលបទបញ្ជាពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី, ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដ៏រាបណាបញ្ហាព្រំដែន កម្ពុជា-ថៃ ជាពិសេសតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី​នៅមិនទាន់ដោះស្រាយ និងមានកិច្ចព្រមព្រៀងណាមួយជាក់លាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានជូនពរ ដល់ប្រតិភូ សប្បុរសជនទាំងអស់ ទទួលបាននូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ  និងធ្វើដំណើរប្រកបដោយសុខ សុវត្ថិភាព។