ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យ លោកស្រី សេង តក្កនារី កុងស៊ុលកិត្តិយសសហរដ្ឋម៉ិកស៊ិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងឈ្វេងយល់អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកស្រី សេង តក្កនារី កុងស៊ុលកិត្តិយសសហរដ្ឋម៉ិកស៊ិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងឈ្វេងយល់អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបប្រាប់ លោកស្រីកុងស៊ុលកិត្តិយសសហរដ្ឋម៉ិកស៊ិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដែលសមិទ្ធផលទាំងនោះបានមកការរួមចំណែកយ៉ាងសំខាន់ពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករដោះមីន វិស័យជន និងសប្បុរសជននានា ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលពីអាជ្ញាធរមីន ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រធាន។ ឯកឧត្តមបន្តទៀតថា សកម្មភាពមីននៅកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីឆាកអន្តរជាតិ ដែលមិនត្រឹមតែដោះស្រាយបញ្ហាមីននៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកនូវបទពិសោធម៌របស់ខ្លួនយ៉ាងច្រើនជូនដល់ប្រទេសមួយចំនួននៅជុំវិញពិភពលោក ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា វិស័យសកម្មភាពមីន ត្រូវបានចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចធិបតី បានយកចិត្តទុកដាក់ខ្ពស់ សម្រាប់ការរួមចំណែកក្នុងការសង្រ្គោះអាយុជីវិត និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ជាពិសេសការកសាងក្តីសង្ឃឹមថ្មី និងកសាងសហគមន៍ឱ្យកាន់តែរីកចម្រើន។
ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាល ក៏បានលើកឡើងអំពីទំនាក់ទំនងល្អ និងមិត្តភាព រវាងរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋម៉ិកស៊ិក និងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានប្តេជ្ញានឹងបន្តកសាងនូវទំនាក់ទំនងនេះឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះផងដែរ លោកស្រី សេង តក្កនារី កុងស៊ុលកិត្តិយសសហរដ្ឋម៉ិកស៊ិកប្រចាំកម្ពុជា បានម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយលោកស្រី មានការសប្បាយចិត្តដែលបានឃើញនូវស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមសហគមន៍ ទទួលបាននូវដីប្រើប្រាស់ប្រកបដោយសុវត្ថិភាពលើដីបោសសម្អាតមីនរួច។