ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ទទួលដំណើរមាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបានបំពេញ បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិបន្តទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមឱ្យថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ នាយ-ពលទាហាននៃកងកម្លាំង រក្សាសន្តិភាពទាំងអស់បន្តយកចិត្តទុកដាក់លើចំណុចមួយចំនួន ដូចតទៅ ៖

១. បន្តតាមដានសភាពការណ៍កងកម្លាំងរក្សាសន្តិភាពដែលកំពុងបំពេញបេសកកម្មនៅតាមប្រទេស នានា និងអនុវត្តរបបរាយការណ៍ឲ្យបានជាប់លាប់ និងជាប់ជាប្រចាំ ។

២. ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសហប្រជាជាតិ និងបណ្តាប្រទេស ជាមិត្តឱ្យកាន់តែជិតស្និទ្ធ សំដៅលើកកម្ពស់សមត្ថភាពវិស័យរក្សាសន្តិភាពឱ្យកាន់តែរីកចម្រើនថែមទៀត។

៣. គ្រប់គ្រងនាយទាហាន នាយទាហានរង និងពលទាហានកងរក្សាសន្តិភាពដែលទើបបញ្ចប់បេសកកម្ម នាថ្ងៃនេះ និងត្រៀមចេញទៅបំពេញបេសកកម្មនៅថ្ងៃខាងមុខឱ្យបានហ្មត់ចត់។

៤. ជម្រុញការហ្វឹកហាត់រយៈពេលខ្លី វែង ក្នុង និងក្រៅប្រទេស បង្កើនសមត្ថភាពវិជ្ជាជីវៈ ជំនាញ និងលើក ទឹកចិត្តដល់ការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ភាសាបរទេស និងចំណេះដឹងទូទៅ។

៥. ជម្រុញការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅគ្រប់កម្រិត និងលើកទឹកចិត្តឱ្យបន្តសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ និងស្វែងយល់តាមដានការវិវត្តន៍ នៃសភាពការណ៍នៅក្នុង និងក្រៅប្រទេសពាក់ព័ន្ធវិស័យរក្សាសន្តិភាព ដើម្បីធ្វើការវិភាគ វាយតម្លៃ និង ព្យាករណ៍សម្រាប់ទិសដៅការងារអនុវត្តបន្ត។

៦. ចំពោះយោធិនកំពុងបំពេញបេសកកម្មរក្សាសន្តិភាព ត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់ជា យថាហេតុ ដែលអាចកើតឡើងដោយការប្រយុទ្ធប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធ ការវាយប្រហារ ពួនស្ទាក់ ឬគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានា និងត្រូវថែទាំសុខភាពដើម្បីបង្កើន ថាមពលកាយសម្បទាឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈហ្វឹកហាត់ និងលេងកីឡាជាប្រចាំ និងអនុ វត្តតាមវិធានការទាំងឡាយតាមការណែនាំរបស់ក្រសួងសុខាភិបាល៕