ប៉ូលិសបាននិយាយថាមនុស្ស៤នាក់បានស្លាប់នៅក្នុងហេតការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយនៅអាកាសយានដ្ឋាន London Southend

ប៉ូលិសបាននិយាយថាមនុស្ស៤នាក់ដែលស្ថិតនៅលើយន្តហោះតូចមួយបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន London Southend និងបានបាត់បង់ជីវិតហើយ។ ប៉ូលីស Essex បាននិយាយថាការងារស៊ើបអង្កេតកំពុងបន្តដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនោះគឺគ្មានជាជនជាតិអង់គ្លេសឡើយ។ យន្តហោះប្រភេទ Beechcraft B200 Super King Air បានដំណើរការដោយក្រុមហ៊ុនរបស់ប្រទេសហូឡង់ដែលមានឈ្មោះថា Zeusch Aviation បានហោះហើរពីទីក្រុង Athens ប្រទេសក្រិកទៅកាន់ទីក្រុង Pula ក្នុងប្រទេសក្រូអាស៊ីកាលពីថ្ងៃអាទិត្យនេះ មុនពេលវាធ្វើដំណើរទៅកាន់តំបន់ London Southend ហើយវាក៏គ្រោងនឹងត្រលប់ទៅ Lelystad ក្នុងប្រទេសហូឡង់វិញនាថ្ងៃដដែលនោះដែរ។ យន្តហោះ turboprop មានប្រវែង១២ម៉ែត្រ បានធ្លាក់ចុះក្នុងរយៈពេលខ្លី និងបន្ទាប់ពីវាហោះឡើង ហើយបានផ្ទុះឆាបឆេះតែម្តង។ លោក Morgan Cronin ប្រធានប៉ូលិសក្រុង Essex បានប្រាប់អ្នកយកព័ត៌មានថា “វាជារឿងគួរឱ្យសោកស្តាយខ្លាំងណាស់ ដោយគ្រាន់តែអាចបញ្ជាក់បានថាមនុស្សទាំង៤នាក់នៅលើយន្តហោះគឺស្លាប់ទាំងអស់។ មកដល់ពេលនេះយើងកំពុងធ្វើការដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ពួកគេជាផ្លូវការដែរ។ នៅដំណាក់កាលនេះយើងជឿជាក់ថាអ្នកទាំង៤គឺជាជនបរទេស។ យន្តហោះ Zeusch Aviation ធ្លាប់បានដំណើរការដើម្បីដឹកជញ្ជូនសម្ភារៈវេជ្ជសាស្រ្ត និងប្តូរសរីរាង្គ ក៏ដូចជាបម្រើការធ្វើផែនទីពីលើអាកាស និងលើវិស័យឯកជនជាដើម នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបាននិយាយថាវាគួរឱ្យសោកស្តាយយ៉ាងខ្លាំង ក្រោយពីយើងបញ្ជាក់ថាមិនមានអ្នកនៅរស់រានមានជីវិតនោះទេ ក្នុងចំណោមមនុស្ស៤នាក់នៅលើយន្តហោះ SUZ1 ។ London Southend គឺជាអាកាសយានដ្ឋានតូចមួយដែលមានចំងាយប្រហែល ៧២គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីរបស់ចក្រភពអង់គ្លេស ដែលត្រូវបានប្រើសម្រាប់ការហោះហើររយៈពេលខ្លីដោយក្រុមហ៊ុនអាកាសចរណ៍រួមទាំង easyJet ផងដែរ។ ព្រលានយន្តហោះនៅតែបិទរហូតដល់ថ្ងៃចន្ទនេះ ដោយមិនមានការបញ្ជាក់ថានឹងបើកឡើងវិញនៅពេលណានោះទេ។ សាខាស៊ើបអង្កេតគ្រោះថ្នាក់អាកាសរបស់ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបានបញ្ជូន “ក្រុមពហុវិន័យ រួមទាំងអ្នកត្រួតពិនិត្យដែលមានជំនាញក្នុងប្រតិបត្តិការយន្តហោះ ធនធានមនុស្ស វិស្វកម្ម និងទិន្នន័យជាច្រើនដែលបានកត់ត្រាទៅកាន់អាកាសយានដ្ឋានថែមទៀត៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ