ព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run បើកចំហរឱ្យស្ត្រី ចូលពិនិត្យ រកជំងឺមហារីកសុដន់ ដោយឥតគិតថ្លៃមុនថ្ងៃប្រកួតផ្លូវការ

ព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៥ នាមុខ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ នៅតែបន្តយុទ្ធនាការ រត់ដើម្បីលើកកម្ពស់ ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ របស់ស្ត្រី។ ឯកឧត្ដម លើកឡើងថា យុទ្ធនាការ ២លើកកន្លងមក ពោលឆ្នាំ២០២៣ និង២០២៤ មានស្ត្រី និងមហាជន កាន់តែច្រើន បានជ្រួតជ្រាប ពីបញ្ហាជំងឺមហារីកសុដន់។ ជាក់ស្ដែង ក្នុងថ្ងៃប្រកួតម្ដងៗ មានស្ត្រីជាច្រើន បានចូលរួមពិនិត្យរកជំងឺនេះ នៅទីតាំង ដែលត្រូវបានរៀបចំ។
ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ពី គោលបំណងសំខាន់មួយទៀត នៃព្រឹត្តិការណ៍ AIA Pink Run គឺជាយុទ្ធនាការគាំទ្រ ដល់អង្គការសប្បុរសធម៌នានា ហើយសម្រាប់ ព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥នេះ មុនថ្ងៃប្រកួត ចំនួន៣ថ្ងៃ គណៈកម្មការ នឹងមានរៀបចំ ជាស្តង់ផ្ដល់ការពិនិត្យ ដោយឥតគិតថ្លៃ ដូច្នេះស្ត្រី ទូទាំងប្រទេស អាចចូលរួមបាន។
ឯកឧត្ដម វ៉ាត់ ចំរើន បានអំពាវនាវ ដល់ទាំងស្ត្រី និងមហាជនចូលរួមឱ្យ បានច្រើនក្នុងព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ដើម្បីស្ទួយសុខភាពសាធារណៈជៀសវាងពីជំងឺដង្កាត់នានា។
លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំការប្រកួតម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា គិតមកទល់ថ្ងៃសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដា នេះមានអ្នកចុះឈ្មោះចូលរួមជិត១៣០០នាក់ហើយលើវិញ្ញាសា គឺ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង២,៥គីឡូម៉ែត្រ ខណៈអ្នកចូលរួមសរុបឆ្នាំ២០២៤ មានជិត៤០០០នាក់។ សម្រាប់ឆ្នាំ២០២៥ គណៈកម្មការរៀបចំរំពឹងថា នឹងមានអ្នកចូលរួមចំនួន៥០០០នាក់។
អ្នកស្រី Jane Tay អគ្គនាយិការក្រុមហ៊ុន AIA Cambodia ថ្លែងថា ព្រឹត្តិការណ៍ AIA Pink Run បានចូលរួមពង្រីកការយល់ដឹងយ៉ាងច្រើនដល់ស្ត្រី ក៏ដូចជាទប់ស្កាត់ជំងឺមហារីកសុដន់។ ទន្ទឹមនឹងនេះ ការចាប់ដៃគូជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជំរុញបានប្រសិទ្ធភាពខ្ពស់ផងដែរ៕