ប្រធានាធិបតីបារាំងប្រកាសចំណាយលើវិស័យយោធាបន្ថែម៦.៥ប៊ីលានអឺរ៉ូ ស្មើនឹង៧.៦ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល២ឆ្នាំខាងមុខទៀត!និងមុនពេលចប់អាណត្តិទី២របស់លោក

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថាថវិកាចំនួន ៦.៥ប៊ីលានអឺរ៉ូ ស្មើនឹង ៧.៦ប៊ីលានដុល្លារអាម៉េរិកបន្ថែមទៀតគ្រោងចំណាយលើវិស័យយោធាក្នុងរយៈពេល២ឆ្នាំខាងមុខទៀត ដោយសារតែមានការគំរាមកំហែងថ្មីនិងមិនធ្លាប់មានពីមុនមក។ មេដឹកនាំបារាំងរូបនេះបានដាក់ផែនការចំណាយថវិកាដូច្នេះនៅក្នុងសុន្ទរកថាទ្រង់ទ្រាយធំរបស់ខលោក ដោយលោកក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីការពារទ្វីបអឺរ៉ុប និងគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានពេញលេញរបស់រុស្ស៊ីដែរ។ លោកបាននិយាយថា ប្រទេសបារាំងពិតជាមានបំណងចំណាយថវិកា៦៤ប៊ីលានអឺរ៉ូ ស្មើនឹង៧៤,៨ ប៊ីលានដុល្លារអាម៉េរិក ក្នុងការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំ ២០២៧ខាងមុខ ដែលជាឆ្នាំចុងក្រោយនៃអាណត្តិទី២របស់លោក។ នេះគឺជាការចំណាយកើនឡើងទ្វេដងនៃការចំណាយប្រចាំឆ្នាំចំនួន៣២ប៊ីលានអឺរ៉ូ នៅពេលដែលដំបូងដែលលោកឡើងកាន់តំណែងជាប្រធានាធិបតីក្នុងឆ្នាំ ២០១៧។ ចាប់តាំងពីឆ្នាំ ១៩៤៥មក សេរីភាពមិនដែលត្រូវបានគំរាមកំហែងខ្លាំងនោះទេ ហើយមិនដែលធ្ងន់ធ្ងរនោះដែរ នេះជាអ្វីដែលលោក Macron បាននិយាយនៅក្នុងសុន្ទរកថាថ្នាក់រដ្ឋសម្រាប់ប្រធានាធិបតីបារាំងទៅកាន់ក្រុមយោធានៅមុនថ្ងៃបុណ្យជាតិ Bastille Day និង ដើម្បីការពារសេរីភាពក្នុងពិភពលោកយើងនេះ ដែលកំពុងរងនូវភាពភ័យខ្លាច និងដើម្បីឲ្យគេខ្លាច យើងត្រូវតែមានអំណាចជាមុនសិន។ លោកបានទទូចថាបារាំងអាចរកប្រាក់ដើម្បីចំណាយលើវិស័យយោធាបានច្រើនជាងនេះ បើទោះជាប្រទេសនេះព្យាយាមទម្លាក់បំណុលជាតិយ៉ាងច្រើនក៏ដោយ។ គណបក្សអភិរក្សនិយម និងស្តាំនិយមបានគាំទ្រការចំណាយថវិកានេះលើវិស័យការពារជាតិកាន់តែច្រើន ខណៈដែលគណបក្សឆ្វេងនិយមចោទប្រកាន់រដ្ឋាភិបាលលោកថាបានលះបង់អត្ថប្រយោជន៍សុខុមាលភាពសង្គម និងពិបាកទទួលបានសម្រាប់ការចំណាយលើវិស័យយោធាទៅវិញ។ លោក Macron បានអះអាងថាអឺរ៉ុបស្ថិតក្នុងគ្រោះថ្នាក់ដោយសារសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងសង្រ្គាមនៅមជ្ឈិមបូព៌ា។ គ្រោះថ្នាក់ផ្សេងទៀតដែលគាត់បានលើកឡើងរួមមានយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិតដោយរដ្ឋាភិបាលបរទេសដែលមិនបញ្ចេញឈ្មោះ និងប្រតិបត្តិការឃោសនាដែលផ្តោតលើកុមារជាដើម។ លោក Macron ក៏បានបញ្ជាឱ្យមន្ត្រីយោធា និងក្រសួងការពារជាតិកំពូលរបស់បារាំងចាប់ផ្តើម “ស្វែងរកកិច្ចសន្ទនាជាយុទ្ធសាស្ត្រ” ជាមួយដៃគូអឺរ៉ុបអំពីតួនាទីដែលឃ្លាំងអាវុធនុយក្លេអ៊ែររបស់បារាំងអាចដើរតួនាទីបានក្នុងកិច្ចការពារអឺរ៉ុប។ នៅក្នុងចលនាពិសេសមួយបារាំងនិងអង់គ្លេសបានព្រមព្រៀងគ្នាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីសហការលើបញ្ហាការពារនុយក្លេអ៊ែរ។ លោក Macron ថ្មីៗនេះបាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំនេះ ប៉ុន្តែនៅតែជាគោលដៅនៃការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ីចំពោះការគាំទ្រសំលេងរបស់លោកចំពោះអ៊ុយក្រែន។ វិមានក្រឹមឡាំងអះអាងថា ជម្លោះអ៊ុយក្រែនគឺជាផលវិបាកនៃការសម្រេចចិត្តរបស់ប្រទេសលោកខាងលិចក្នុងការមិនអើពើផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ីទៅវិញដូចគ្នា៕

សម្រួលអត្ថបទ៖ សុផារិន្ទ