រដ្ឋសភាកម្ពុជា រៀបចំពិធីវាយគង ទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅវេលាម៉ោង ៧:០០នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីវាយគង ទូងស្គរ ដើម្បីអបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលត្រូវបានគណៈកម្មាធិកាបេតិកភ័ណ្ឌពិភពលោក បានសម្រេចជាឯកឆន្ទ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា។
ពិធីនេះបានរៀបចំប្រារព្ធឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៃរដ្ឋសភាព្រមទាំងលោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូប។
សូមបញ្ជាក់ថា ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន សារមន្ទីរទួលស្លែង (ស២១) វាលពិឃាតជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣៕