រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសុខាភិបាល ប្រារព្ធពិធីទូងស្គរអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គឺជាទិវាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រជាជាតិកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆ័នចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពេលនេះ បានក្លាយជាកាលបរិច្ឆេទនៃការចងចាំ និងដ៏មានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់មនុស្សជាតិ ប្រជាជនកម្ពុជានិងពិភពលោកទាំងមូល ដែលសបញ្ជាក់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ មហាសមិទ្ធផលនេះ ក៏ជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង លើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសន្តិភាព ដែលជាមូលដ្ឋាននៃការកសាង និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្រ្តរបស់ជាតិ។
«កិច្ចថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។
ពិធីប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល៖ ព្រឹកថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។