ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងច្រើនកុះករជួបជុំគ្នាគោរពវិញ្ញាណក្ខន្ធនិងទូងស្គរអបអរសាទរឱកាសនៃការចុះ « បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព » ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥!

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ នៅខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងច្រើនកុះករបានមកជួបជុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធនិងធ្វើពិធីទូងស្គរអបអរសាទរឱកាសនៃការចុះ « បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព » ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។
មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើពិធីស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកន្ត្រីនៃ ព្រះជាណាចក្រកម្ពុជា ដែលផ្សព្វផ្សាយដល់ជនរួមជាតិនូវសាេលិខិតអបអរសាទរឱកាសនៃការចុះ « បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព » ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់មក នៅវេលាម៉ោង៧និង០០នាទីគត់ ក៏បានទូងស្គរបន្លឺឡើងអបអរសាទរយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងស្នូរទះដៃលាន់លឺយ៉ាងកងរំពង ក្នុងស្មារតីស្រឡាញ់ គាំទ្រ និងមោទនភាពជាតិដ៏ជ្រាលជ្រៅបំផុត៕