មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ រៀបចំពិធីទូងស្គរ អបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំង ឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នាមន្ទីរកិច្ចការនារី រាជធានីភ្នំពេញ លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ រៀបចំពិធីទូងស្គរ ដើម្បីអបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំង ឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តល់យោបល់ និងបានណែនាំកាលពី ឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរ ទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការ យូណេស្កូ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ តាម រយៈអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញជាតិ អន្តរជាតិ និងអង្គការយូណេស្កូ ដើម្បីសិក្សា ស្រាវជ្រាវ និងចងក្រងឯកសារបច្ចេកទេស ទៅតាមនីតិវិធីនៃក្រមប្រតិបត្តិរបស់អនុសញ្ញាឆ្នាំ១៩៧២ ព្រមទាំងទទួលបាននូវការទទួលស្គាល់អំពីតម្លៃលេចធ្លោជាសកលរបស់ទីតាំងទាំងបី ពីសំណាក់អ្នកជំនាញការអន្តរជាតិ (ICOMOS) ដោយរួមទាំងការវាយតម្លៃនិងការផ្តល់យោបល់គាំទ្រដល់ការដាក់បញ្ចូលជាបេតិកភណ្ឌ ពិភពលោកនូវទីតាំងទាំងបីនេះផងដែរ។
ការចុះ “បូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ជាបេតិកភណ្ឌពិភព លោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។
មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិ សាស្ត្ររបស់ជាតិ។
គួរបញ្ជាក់ថា មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ ដែលមាន លោកស្រី កាន់ រតនៈឧប្បល ជាប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ រៀបចំពិធីទូងស្គរ អបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំង ឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃនេះ គឺបានធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលបានណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់ រាជរដ្ឋាភិបាល នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី ខេត្ត គ្រប់មន្ទីរជំនាញរាជធានី ខេត្ត គ្រប់ក្រុង ស្រុក ខណ្ឌ និងគ្រប់ឃុំ សង្កាត់ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់ មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី ខេត្ត គ្រប់សាលាក្រុង ស្រុក ខណ្ឌ គ្រប់សាលាឃុំ សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ដើម្បីជាការបំផុសបន្ថែមទៀត នូវការ ប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជ សាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ៕