ឯកឧត្តម ឃឹង សារ៉ាត់ បញ្ជាក់យ៉ាងច្បាស់ថា សន្តិភាពគឺជាកត្តាចម្បងដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋគ្រប់រូប អាចបំពេញកាតព្វកិច្ចសាសនា និងចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗបានដោយសេរី និងគ្មានការភ័យខ្លាច

ព្រៃវែង ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មពូន និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន ៤វត្ត ក្នុងឃុំថ្មពូន ដែលពិធីនេះប្រារព្ធធ្វើក្នុងវត្តក្បាលដំរី ហៅវត្តថ្មពូន ឋិតក្នុងឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម ឃឹង សារ៉ាត់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មពូន បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ មកសួរសុខទុក្ខដល់ព្រះសង្ឃ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទូទាំងឃុំថ្មពូនទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សានេះ។
ឯកឧត្តម ឃឹង សារ៉ាត់ បានមានប្រសាសន៍លើកឡើងអំពីសារៈសំខាន់នៃពិធីបុណ្យព្រះចូលវស្សា និងប្រពៃណីនៃការប្រគេនទៀនព្រះវស្សា ដែលជាផ្នែកមួយយ៉ាងសំខាន់នៃវប្បធម៌ប្រពៃណីព្រះពុទ្ធសាសនារបស់កម្ពុជា។ ឯកឧត្តមបានបន្តថា ការប្រារព្ធពិធីដង្ហែទៀនព្រះវស្សាគឺមិនមែនគ្រាន់តែជាការបំពេញកុសលផលបុណ្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកថែរក្សា និងផ្សព្វផ្សាយនូវទំនៀមទម្លាប់ដ៏ល្អផូរផង់នេះឱ្យបានស្ថិតស្ថេរគង់វង្សតទៅមុខទៀត។
ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកអំពី សុខសន្តិភាពដែលរកបានយ៉ាងលំបាក សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលជាការលះបង់ដ៏ធំធេងដោយការយកអាយុជីវិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។
ហើយបច្ចុប្បន្ន កម្ពុជាបន្តស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងបន្តកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។
ជាចុងក្រោយ ឯកឧត្តម ឃឹង សារ៉ាត់ បានបង្ហាញនូវ ការជឿទុកចិត្តយ៉ាងមុតមាំ លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ ក្នុងការដឹកនាំប្រទេស ជាពិសេសលើការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ប្រកបដោយប្រសិទ្ធភាព និងភាពវៃឆ្លាត ដើម្បីធានាបាននូវបូរណភាពទឹកដី និងស្ថិរភាពព្រំដែនជូនជាតិមាតុភូមិ ដោយរាជរដ្ឋាភិបាលកម្ពុជា មិនចង់ឲ្យបញ្ហាព្រំដែនដែលបន្សល់ទុករាប់រយឆ្នាំមកនោះ បន្តនៅស្រពិចស្រពិល និងបង្កជាបញ្ហាបន្តទៀតនោះទេ។
ឈ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន បានវេរប្រគេនទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត ឋិតក្នុងឃុំថ្មពូន ស្រុកកញ្ជ្រៀង ខេត្តព្រៃវែង និងបច្ច័យក្នុង១វត្តចំនួន៥៥ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ និងលោកជំទាវ។ ដោយឡែក រថយន្ត ម៉ាក់ Hyundia 2,5 តោន(២តោនកន្លះ) ជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ក៏ត្រូវបានឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ ប្រគេនដល់ព្រះចៅអធិការវត្តក្បាលដំរី ដើម្បីទុកជាមធ្យោបាយដឹកជញ្ជូននានា ទៅតាមតម្រូវការនៃកម្មវិធីបុណ្យក្នុងវត្ត និងបានឧបត្ថម្ភដល់តាជី យាយជី ក្នុងម្នាក់ទទួលបានថវិកា ៣ម៉ឺនរៀល ប្រជាការពារ និងកម្លាំងសមត្ថិកិច្ចម្នាក់ៗ៣ម៉ឺនរៀល ក្រុមប្រឹក្សាឃុំម្នាក់ៗ៥ម៉ឺនរៀល និងក្រុមប្រឹក្សាស្រុកម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ។
ជាកិច្ចបន្ត ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ បានចូលទស្សនកិច្ចក្នុងសាលាបឋមសិក្សាក្បាលដំរី និងបានឧបត្ថម្ភដល់លោកគ្រូអ្នកចំនួន១៣នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន៥ម៉ឺនរៀល សិស្សានុសិស្ស៤៤០នាក់ ក្នុងម្នាក់ចំនួន១ម៉ឺនរៀលផងដែរ។