ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ដែលប្រពឹត្តទៅនៅ អាគារThe Kampus នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជាតំណាងមកពីក្រសួងស្ថាប័ន វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា ប្អូនៗនិស្សិត និងសមាជិក សមាជិការស.ស.យ.ក.។
វេទិកាកម្ពុជា ៤.០ លើកទី៥ នេះ រៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយពីការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ដែលបាននាំមកនូវសេវាសុខភាពឌីជីថលដែលមានភាពឆ្លាតវៃនិងងាយស្រួល សម្រួលដល់ការតាមដានសុខភាពរបស់ប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
ជាមួយគ្នានេះដែរ វេទិកានេះក៏ជាឱកាសសម្រាប់សិក្សាស្វែងយល់ពីបញ្ហាសុខភាព តាមរយ:ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យពីចម្ងាយ និងអាចតាមដានសុខភាពកម្រិតបឋមនៅផ្ទះដោយខ្លួនឯងតាមរយៈ Wearable Technology ដូចជានាឡិការឆ្លាតវៃ ,ស្មាតហ្វូន និងឧបករណ៍តាមដានកាយសម្បទាជាដើម។
ក្នុងនោះ បច្ចេកវិទ្យាក៏បាន ជះឥទ្ធិពលខ្លាំងផងដែរ ដល់វិស័យសុខាភិបាលដោយបាននាំមកនូវសេវាសុខាភិបាលបែបថ្មីមួយដែលមានភាព វៃឆ្លាត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនានា ដើម្បីជួយសម្រួលកិច្ចការជាច្រើន រាប់ចាប់ពីប្រតិបត្តិការ វេជ្ជសាស្ត្រ ការគ្រប់គ្រងប្រតិបត្តិការរបស់មន្ទីរពេទ្យ ការតាមដានរោគសញ្ញាអ្នកជំងឺ រហូតដល់ការប្រាស្រ័យ ទាក់ទងគ្នារវាងគ្រូពេទ្យ និងអ្នកជំងឺជាដើម។
បច្ចេកវិទ្យាឌីជីថលបានពង្រីកវិសាលភាពនៃការផ្តល់សេវាសុខាភិបាល និងធ្វើឱ្យការទទួលបានសេវា សុខាភិបាលកាន់តែមានប្រសិទ្ធភាព និងងាយស្រួលជាងមុន។ អ្នកជំងឺក៏អាចពិគ្រោះជាមួយគ្រូពេទ្យពីចម្ងាយ និងអាចតាមដានសុខភាពកម្រិតបឋមនៅផ្ទះបានដោយខ្លួនឯងតាមរយៈ Wearable Technology ដូចជា នាឡិកាវៃឆ្លាត, ស្មាតហ្វូន និងឧបករណ៍តាមដានកាយសម្បទាជាដើម។ ជាក់ស្តែង ឧបករណ៍ ដូចជា Continuous Glucose Monitors (CGMs) អាចជួយអ្នកជំងឺទឹកនោមផ្អែមបន្តតាមដានកម្រិតជាតិស្ករក្នុង ឈាមរបស់ពួកគេ និងទទួលបានការជូនដំណឹងក្នុងពេលជាក់ស្តែង ដែលនេះអាចកាត់បន្ថយកម្រិតហានិភ័យ និងកម្រិតគ្រោះថ្នាក់។