ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់ជូនមេដាយដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មាន ដែលបានបំពេញការងារលើសពី ១០ឆ្នាំចំនួន ២៩៨រូបនេះ គឺជាការគិតគួរយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ហើយក៏ជាការអរគុណដែលបានចូលរួមក្នុងការកសាងជាតិ និងបំរើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ,

ឯកឧត្តម រដ្ឋមន្ត្រី សូមថ្លែងអំណរគុណដ៏ជ្រៀលជ្រៅបំផុតគោរពជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់មេដាយជូនបងប្អូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃក្រសួងព័ត៌មាន ដែលនេះជាគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតដល់ពួកគាត់ និងផ្តល់ការលើកទឹកចិត្តនិងជំរុញការបំពេញការងារបម្រើប្រជាពលរដ្ឋកាន់តែសកម្មថែមទៀត,

ការថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញបំពាក់មេដាយ “ សំរឹទ្ធការងារ “ ជូនដល់ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មាន ចំនួន ២៩៨រូប ដែលមានអតីតភាពការងារ ១០ឆ្នាំឡើង មានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ។
ពិធីបំពាក់មេដាយនេះធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសាល
ចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើដល់បងប្អូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាបន្តខិតខំប្រឹងប្រែងបំពេញការងារ បើសិនជាមានទម្លាប់មិនល្អ ត្រូវកែមកជាទម្លាប់ល្អ ដើម្បីត្រៀមទទួលយកនូវអ្វីដែលជាការសម្រេច និងការអនុវត្តនូវក្នុងដំណើរការកែទម្រង់របស់រាជរដ្ឋាភិបាល។ ដូច្នេះចាប់ពីពេលនេះទៅគឺជាឱកាសរបស់យើងទាំងអស់គ្នា បើសិនជាមានឱកាសហើយ មិនអាចចាប់បានទេ កាលណាបាត់ឱកាស គឺមិនអាចរកឱកាសនោះវិញបានទេ, មានសមត្ថភាព មានលទ្ធភាព មានឱកាសទៅរួច, មានសមត្ថភាព មានលទ្ធភាព អត់ឱកាស គឺបាត់បង់ទាំងអស់, ដូច្នេះបើសិនជាបានឱកាសហើយ ក្តាប់ឱកាសនោះឲ្យបាន ព្រោះមិនមានឱកាសរបៀបនេះច្រើនទេនៅក្នុងជីវិត ឬឱកាសខ្លះមានតែម្តងទេក្នុងមួយជីវិត។
ឯកឧត្តម បានគូសបញ្ជាក់ថា មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាដែលមានឱកាសបំពេញការងារហើយ សូមឲ្យខិតខំប្រឹងប្រែងបំពេញយកលទ្ធផល ពង្រឹងសមត្ថភាព ដើម្បីអាចអភិវឌ្ឍខ្លួនយើងទៅមុខទៀត កុំឲ្យគ្រប់គ្រាន់និយម ត្រូវគិតអោយបានវែងឆ្ងាយទៅមុខទៀត ដោយកុំបោះបង់ចោលការខិតខំប្រឹងប្រែង កុំចោលនូវភាពស្មោះត្រង់ កុំចោលនូវភាពអត់ធ្មត់ ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះមន្ត្រីជាប់កិច្ចសន្យាមួយចំនួនដែលមានអតីតភាពការងារលើសពីជាង ១០ឆ្នាំ ដែលនៅប្រឹងប្រែងបំពេញការងារដោយស្មោះត្រង់នៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដែលជាផ្នែកមួយនៅក្នុងការលើកស្ទួយនូវតួនាទីភារកិច្ចរបស់ក្រសួងព័ត៌មាន , មន្ត្រីជាប់កិច្ចសន្យាស្ទើរតែ ៧០% ទៅ ៨០% ដែលទ្រទ្រង់ទៅលើការងាររបស់ក្រសួង, ជាជំហានបន្តទៅមុខទៀត មន្ត្រីជាប់កិច្ចសន្យាអាចនឹងក្លាយជាមន្ត្រីជំនាញ ដែលចូលទៅបំពេញការងារលើសពីមន្ត្រីជាប់កិច្ចសន្យានាពេលបច្ចុប្បន្ន។ ឯកឧត្តម បានបញ្ជាក់ថា នេះគឺជាការពង្រឹង និងអភិវឌ្ឍធនធានមនុស្ស ឲ្យក្លាយទៅជាមូលធនមនុស្ស ផ្តោតលើមនុស្សដែលមានចំណេះដឹង មានសមត្ថភាព មានទេពកោសល្យ មានស្នាដៃ មានសុជីវធម៍ សីលធម៍ និងមានគុណធម៍ នៅក្នុងខ្លួន ហើយមានសុខភាពល្អ, ដែលទាំងនេះគឺជាចំណុចដែលយើងខិតខំប្រឹងប្រែងក្នុងការរុញដំណើរនាវាកម្ពុជាទៅមុខប្រកបដោយការទទួល ខុសត្រូវ ព្រោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចុះនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដើម្បីដឹកនាំនាវាកម្ពុជាធ្វើដំណើរទៅមុខបន្តរយៈពេល ២៥ឆ្នាំ ដើម្បីឈានទៅដល់ការសម្រេចបានបង្គោលចរពីរសំខាន់ គឺឆ្នាំ២០៣០ ជាប្រទេសដែលចំណូលមធ្យមកំរិតខ្ពស់ និង ឆ្នាំ២០៥០ គឺជាប្រទេសដែលមានចំណូលខ្ពស់ ។ ដូច្នេះហើយថាតើរដ្ឋរបស់យើងត្រូវការមន្ត្រីរាជការដែល ទន់ល្វើយ ឬមន្ត្រីរាជការដែលមានឈ្មោះតែមិនមកធ្វើការនោះទេ ? ឬក៏ត្រូវការមន្ត្រីរាជការដែលមានដែរ ក៏ប៉ុន្តែអត់សមត្ថភាព? អញ្ចឹងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល គឺការច្របាច់នូវធនធានមនុស្សដែលមាន ដើម្បីរួមគ្នាដឹកនាំនាវាកម្ពុជាឲ្យសម្រេចបាននូវបង្គោលចរទាំងពីរខាងលើ ។
ម៉ោងនេះយើងមិនត្រូវការបរិមាណទេ តែត្រូវការគុណភាព ហើយរាជរដ្ឋាភិបាលត្រូវការមូលធនមនុស្ស ដោយចំណុចនេះសម្តេធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកបង្ហាញថា មូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ គឺមូលធនមនុស្ស ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងបំផុត ។
ដូច្នេះហើយអ្វីដែល ថ្នាក់ដឹកនាំ មន្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មាន ប្រឹងប្រែងធ្វើ គឺការប្រែក្លាយខ្លួនទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ៕

Screenshot